ធនាគារ អេស៊ីលីដា ប្រកាសប្តូរស្លាកសញ្ញាថ្មី

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ធនាគារអេស៊ីលីដា បានប្រកាសពីការប្តូរស្លាកសញ្ញាថ្មី បន្ទាប់បីស្លាកសញ្ញាប្រើប្រាស់រាល់ថ្ងៃនេះទើបតែផ្លាស់ប្តូរបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយស្លាកសញ្ញាថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តន៍នៅក្នុងឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ ដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិច ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម ទស្សនៈ បេសកម្ម យុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។

ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិច តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។

រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។

ផ្ដើមចេញពីទុនប្រមាណ៦៣ម៉ឺនដុល្លារអាមេរិក ជាស្ថាប័នអង្គការមួយ អេស៊ីលីដា បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា និងបានឈានដល់ការវិនិយោគនៅក្រៅប្រទេសមានឡាវ និងមីយ៉ាន់ម៉ា ។

បច្ចុប្បន្នធនាគារអេស៊ីលីដា មានទុនប្រមាណជាង៩០០លានដុល្លារអាមេរិក ។ មិនតែប៉ុណ្ណោះធនាគារនេះក៏បានក្លាយជាធនាគារពាណិជ្ជដំបូងគេចូលក្នុងផ្សារហ៊ុនកម្ពុជាផងដែរ និងទទួលបានការវិនិយោគពីសំនាក់សាធារណជនជាច្រើផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here