រដ្ឋាភិបាលបារាំងអនុម័តការសាងសង់ផែបណ្តែតទឹកនៅទន្លេរ​សែន ដើម្បីអាចឱ្យតាក់ស៊ីហោះចុះចតបាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលបារាំង បានបើកភ្លើងខៀវឱ្យក្រុមហ៊ុនឯកជនសាងសង់ផែបណ្តែតទឹក នៅលើទន្លេសែន (Seine​) ដែលនឹងក្លាយជាទីតាំងហោះហើរ និងចុះចតរបស់តាក់ស៊ីហោះ ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស។

យោងតាមសេចក្តីប្រកាសពត៌មានមួយ បានឱ្យដឹងថា ផែបណ្តែតនេះ គ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។ ផែនេះមានទីតាំងនៅលើទន្លេរសែន និងស្ថិតនៅក្បែរស្ថានីយ៍រថភ្លើង Austerlitz ភាគអាគ្នេយ៍នៃទីក្រុងប៉ារីស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងតាក់ស៊ីហោះរបស់បារាំង ទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា រួមមានប្រតិបត្តិករអាកាសយានដ្ឋានក្រុងប៉ារីស (ADP) និងក្រុមហ៊ុន Volocopter របស់ប្រទេសអាល្លឺម៉ង់។

តាក់ស៊ីហោះរបស់បារាំង ត្រូវបានប្រសិទ្ធិនាមឈ្មោះថា “Volocity” និងមានកៅអីអង្គុយ សម្រាប់មនុស្សចំនួន២នាក់ ដែលដើរដោយថាមពលអគ្គិសនី ដែលការណ៍នឹងជួយកាត់បន្ថយការបំពុលបរិយាកាស នៅក្នុងទីក្រុងប៉ារីស ជាពិសេសស្របពេលដែលបារាំង កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅឆ្នាំនេះ។

ក្រុមហ៊ុនឯកជនទាំង២ខាងលើ បានបង្ហាញសុទិដ្ឋិនិយមថា ខ្លួននឹងប្រើប្រាស់សមត្ថភាពជំនាញបច្ចេកវិទ្យា ដើម្បីអាចតភ្ជាប់ទីតាំងចុះចត និងហោះហើរសម្រាប់តាក់ស៊ីហោះ ប្រកបទៅដោយប្រសិទ្ធិភាពខ្ពស់។

តាក់ស៊ីហោះគឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសដែលបញ្ចេញជាតិកាបូនទាបហើយតាក់ស៊ីនេះនឹងត្រូវបានផលិតឡើងកាន់តែធំជាងមុនដើម្បីបម្រើឱ្យមធ្យោបាយរថយន្តសង្គ្រោះឬមុខងារសំខាន់ផ្សេងៗទៀត។

យ៉ាងណាមិញ ក្រុមមន្ត្រីបារាំងមួយចំនួនបានរិះគន់ថា ការវាយតម្លៃពីផលប៉ះពាល់ សម្រាប់ការដាក់ឱ្យដំណើរការតាក់សុីហោះ Volocity មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដូចជាការបំពុលដោយសំឡេង ការប្រើប្រាស់ថាមពល និងការបំភាយឧស្ម័នផ្ទះកញ្ចក់ជាដើម។

បន្ថែមពីលើនេះ ការផលិតតាក់ស៊ីហោះ ពុំទាន់ត្រូវបានទទួលស្គាល់ ពីទីភ្នាក់ងារសុវត្ថិភាព អាកាសចរណ៍របស់សហភាពអឺរ៉ុប (EASA) នៅឡើយទេ ដែលការណ៍នេះមានន័យថា ទីក្រុងប៉ារីសអាចបើកតាក់ស៊ីហោះ ត្រឹមតែក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកប៉ុណ្ណោះ៕ ប្រភព: France 24

LEAVE A REPLY

Please enter your comment!
Please enter your name here