សហរដ្ឋអាមេរិកប្រកាសលុបចោលបំណុលចំនួន៣៥លានដុល្លាររបស់ឥណ្ឌូនេស៊ីជាថ្នូរនឹងការអភិរក្សផ្កាថ្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិក បានយល់ព្រមលុបចោលបំណុលចំនួន៣៥លានដុល្លាររបស់ឥណ្ឌូនេស៊ី ក្នុងរយៈពេល៩ឆ្នាំខាងមុខ ដើម្បីបញ្ចុះបញ្ចូលឱ្យឥណ្ឌូនេស៊ីធ្វើការស្តារ និងជួយថែរក្សាផ្កាថ្មប៉ប្រះទឹក ក្នុងមហាសមុទ្រ ដែលមានជីវចម្រុះច្រើនបំផុតរបស់ពិភពលោក។

ថ្មប៉ប្រះទឹក និងផ្កាថ្ម កំពុងស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យសីតុណ្ហភាពទឹកសមុទ្រកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនេះគឺជាការដោះដូរបំណុលដើម្បីធម្មជាតិលើកទី៤ ដែលប្រទេសទាំង២ បានចុះហត្ថលេខាចាប់តាំងពីឆ្នាំ២០០៩ ហើយកិច្ចព្រមព្រៀងនេះ នឹងផ្តល់មូលនិធិដល់ការងារអភិរក្សផ្កាថ្ម នៅក្នុងតំបន់សំខាន់ៗចំនួន២របស់ឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងតំបន់ត្រីកោណផ្កាថ្មដែលលាតសន្ធឹង លើដែនទឹករបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងកោះសូឡូម៉ុន។

ចំណែក តំបន់ទាំង២ ដែលជាសិទិ្ធដែនទឹករបស់ឥណ្ឌូនេសុី រួមមានតំបន់ The Bird’s Head Seascape និងតំបន់ Lesser Sunda-Banda Seascape គឺជាជម្រកផ្កាថ្មជាច្រើនប្រភេទ និងជាជម្រកត្រី អណ្តើក ត្រីឆ្លាម ត្រីបាឡែន និងផ្សោតជាង៣.០០០ប្រភេទ។

លោក Alexandre Portnoi ទីប្រឹក្សាច្បាប់មកពីអង្គការអភិរក្សអន្តរជាតិ(Conservation International) ដែលបានជួយរៀបចំកិច្ចព្រមព្រៀងនេះឡើង បានមានប្រសាសន៍ឱ្យដឹងថាតំបន់ទាំង២ខាងលើ ដែលជាដែនអធិបតេយ្យ របស់ឥណ្ឌូនេស៊ី ជាចំណុចកណ្តាលនៃជីវចម្រុះ ក្នុងតំបន់ត្រីកោណផ្កាថ្ម

យោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ឥណ្ឌូនេស៊ីមានផ្កាថ្មប្រហែល៥,១លានហិកតា ឬស្មើនឹងចំណែក១៨% នៃចំនួនផ្កាថ្មសរុបនៅទូទាំងពិភពលោក។ ប៉ុន្តែបញ្ហានៃការប្រែពណ៌របស់ផ្កាថ្មនៅឆ្នាំនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររួចទៅហើយ។

យ៉ាងណាមិញ ការអភិរក្សថ្មប៉ប្រះទឹក ជាការងារដ៏លំបាក ដោយសារតែធនធានធម្មជាតិទាំងនេះ ត្រូវបានគំរាមកំហែងជាចម្បង ដោយសារការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅលើពិភពលោក និងការកើនឡើងកំដៅផែនដី ហើយឥណ្ឌូនេស៊ីតែម្នាក់ឯងមិនអាចដោះស្រាយបញ្ហានេះបានទេ៕ប្រភព: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here