តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅព្រឹកថ្ងៃពុធនេះ  ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់តម្រុយលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៣%ដល់២៣៦៦,៦២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៩%ដល់២៣៧៤,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២០នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) បានថ្លែងទៅកាន់សភាអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះថា “អតិផរណានៅតែមានកម្រិតខ្ពស់ជាងគោលដៅ២% របស់យើង។ ប៉ុន្តែ អតិផរណាបាននិងកំពុងធ្លាក់ចុះនារយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយយើងត្រូវរង់ចាំមើលទិន្នន័យផ្សេងៗបន្ថែមទៀត មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់”។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧៣,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,១២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៨%ដល់៣១,១៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៩%ដល់៩៩៨,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៨%ដល់៩៨១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២២នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here