តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលមតិយោបល់គន្លឹះពីធនាគារកណ្ដាលអាមេរិក ដែលអាចផ្តល់តម្រុយអំពីពេលវេលានៃការបញ្ចុះអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមជាង២.៣២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨%ដល់២៣៣៧,៥០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹក។

លោក Jerome Powell ប្រធានកណ្ដាលអាមេរិក បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃអង្គារថា “អត្រាអតិផរណានៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ។ ប៉ុន្តែក្រុមអ្នកបង្កើតគោលនយោបាយត្រូវការរង់ចាំមើលទិន្នន័យបន្ថែមទៀត មុនពេលកាត់បន្ថយអត្រាការប្រាក់ ដើម្បីផ្ទៀងផ្ទាត់ថា ការធ្លាក់ចុះនៃអត្រាអតិផរណានាពេលថ្មីៗនេះ អាចឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៥,៧២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧១%ដល់២៩,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៣%ដល់១០០៨,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤២%ដល់១.០១៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៩នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here