តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ស្របពេលមានការរំពឹងទុកថា តម្រូវការប្រេងឥន្ធនៈនឹងស្ទុះងើបឡើងវិញ ដោយសារការសម្រុកធ្វើដំណើរកំសាន្តនៅរដូវក្តៅ គួបផ្សំនឹងផែនការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ច។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេនដល់៨៦,៨០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0142 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង១៣សេនដល់៨៣,៥១ដុល្លារក្នុងមួយបារ៉ែល។

នៅសប្តាហ៍នេះ ក្រុមអ្នកវិភាគគ្រោងផ្តោតការយកចិត្តទុកដាក់ទៅលើការថ្លែងសុន្ទរកថាពិសេសរបស់លោក Jerome Powell ដែលជាប្រធានធនាគារកណ្តាលអាមេរិក (Fed) និងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ ទី៥ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៩២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំស្តាប់ការធ្វើសេចក្តីអត្ថាធិប្បាយពីសំណាក់ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed) ដែលអាចផ្តល់តម្រុយអំពីគោលនយោបាយអត្រាការប្រាក់នាពេលខាងមុខ។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,៤៧ភាគរយគិតត្រឹមម៉ោង១០:៣៤នាទីព្រឹក។

យ៉ាងណាមិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៤៧ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០៩៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០២៨ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៦៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here