តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិច នៅព្រឹកថ្ងៃអង្គារនេះ ខណៈពេលដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យស្តីពីអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅចុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៩%ដល់២៣២៩,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥%ដល់២៣៣៧,៧០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:២៣នាទីព្រឹក។

នៅសប្តាហ៍នេះ ក្រុមអ្នកវិភាគគ្រោងផ្តោតការយកចិត្តទុកដាក់ទៅលើការថ្លែងសុន្ទរកថាពិសេសរបស់លោក Jerome Powell ដែលជាប្រធានធនាគារកណ្តាលអាមេរិក (Fed) និងរង់ចាំអ៊ុតមើលទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ ទី៥ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៩២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧%ដល់២៩,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៣%ដល់៩៩១ដុល្លារក្នុងមួយអោន ហើយតម្លៃ paladium បានងើបឡើង០,៨២%ដល់៩៨១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:២៩នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here