ដោយៈ ម៉ាលីនណា
ភ្នំពេញៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាគោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀតហើយសកម្មភាពនេះក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។

បើតាមលោករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្តាក្រុមហ៊ុន ដែលវិនិយោគវិស័យកៅស៊ូនៅកម្ពុជា៕







