ថៃ និងកម្ពុជាគឺជាប្រទេសមានគម្រោងហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុតនៅលើទន្លេមេគង្គ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការស្រាវជ្រាវបង្ហាញថា កម្ពុជា និងថៃ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុតនៅតាមដងទន្លេមេគង្គ ឬដៃទន្លេរបស់ខ្លួន បើប្រៀបធៀបនឹងប្រទេសសមាជិកផ្សេងទៀតនៃគណៈកម្មការទន្លេមេគង្គ (MRC)។

បច្ចុប្បន្ននេះ គេសង្កេតឃើញមានគម្រោងសរុបចំនួន៦១ នៅលើដៃទន្លេ និងនៅលើតួមេនៃទន្លេមេគង្គ ដែលជាទន្លេវែងជាងគេបំផុតមួយក្នុងចំណោមទន្លេវែងជាងគេផ្សេងទៀតនៅលើពិភពលោក។

ទន្លេមេគង្គមានប្រវែងសរុប៤.៣៥០គីឡូម៉ែត្រ មានប្រភពចេញពីខ្ពង់រាបទីបេ ហើយហូរកាត់ប្រទេសចំនួន៦ រួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ទន្លេ​នេះមាន​ប្រវែង៣.៦៦៣គីឡូម៉ែត្រ ប្រសិនបើគិតប្រវែងឆ្លងកាត់ក្នុង​ប្រទេស​ជា​សមាជិកគណៈកម្មការ MRC ដែលរួមមាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម។

ទន្លេនេះហូរចម្ងាយ១.៩៨២គីឡូម៉ែត្រឆ្លងកាត់ប្រទេសឡាវ ចម្ងាយ៩៦៨គីឡូម៉ែត្រក្នុងប្រទេសថៃ ចម្ងាយ៤៨៩គីឡូម៉ែត្រក្នុងប្រទេសកម្ពុជា និងចម្ងាយ២២៤គីឡូម៉ែត្រក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពពីគណៈកម្មការ MRC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព័ត៌មានបានឱ្យដឹងថា ប្រទេសថៃ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន២ប៉ុណ្ណោះ ដែលតភ្ជាប់ទៅកាន់ដៃទន្លេមេគង្គ រួមមាន ទ្វារទឹក Sri Song Rak ដែលស្តុកទឹកក្នុងរដូវវស្សាសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង និងគម្រោងអភិវឌ្ឍន៍អាងទន្លេ Huai Luang ដែលការពារទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងខេត្ត Udon Thani និងខេត្ត Nong Khai។

រីឯ នៅកម្ពុជា គេសង្កេតឃើញមានគម្រោងដែលមានស្រាប់ចំនួន៣ប៉ុណ្ណោះដូចជា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ដែលមានប្រភពទឹកពីទន្លេមេគង្គ គម្រោងវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដែលសាងសង់លើដៃទន្លេ និងគម្រោងស្ពានអ្នកលឿង។ ចំណែក គម្រោងព្រែកជីកហ្វូណនតេជោនឹងក្លាយជាគម្រោងទី៤ ដែលសាងសង់នៅលើដៃទន្លេមេគង្គ។ ព្រែកជីកនេះនឹងតភ្ជាប់ទៅកាន់ទន្លេបាសាក់ ដែលជាដៃទន្លេនៃទន្លេមេគង្គ។

ចំណែកឯ ប្រទេសឡាវមានចំនួនគម្រោងអភិវឌ្ឍន៍ច្រើនជាងគេនៅលើដៃទន្លេមេគង្គ និងតួមេនៃទន្លេមេគង្គ ដែលមានសរុបចំនួន៤០គម្រោង។ ក្នុងនោះ គម្រោងចំនួន៣៧ គឺជាគម្រោងដែលពាក់ព័ន្ធនឹងវារីអគ្គិសនី។

ជាមួយគ្នានេះ ប្រទេសវៀតណាម​មាន​គម្រោង​សរុប​ចំនួន១៥ នៅ​លើទន្លេមេគង្គ ដោយក្នុង​នោះ​មាន​ស្ថានីយ​វារីអគ្គិសនី​ចំនួន១១ និង​ស្ពានចំនួន២ខ្សែ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here