ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជានៅដើមនិតិកាលទី៧នេះ បានចំណាយប្រាក់ជាង៤០០លានដុល្លារ ដើម្បីកសាងប្រព័ន្ឋប្រឡាយដ៏ធំ ដែលនឹងកាត់បន្ថយការជន់លិចនៅរាជធានីភ្នំពេញ។
ប្រឡាយដែលមានប្រវែងជាង៥០០គីឡូម៉ែត្រនេះ នឹងរួមចំណែកកាត់បន្ថយទឹកជំនន់ និងជួយដល់វិស័យកសិកម្ម នៅខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺផងដែរ។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីចុងសប្តាហ៍មុន បានចុះពិនិត្យវឌ្ឍនភាពគម្រោង ប្រព័ន្ធដោះទឹកនិងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ និងតំបន់រណបស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានប្រកាសថា គម្រោងនេះនឹងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យគម្រោងនោះ សម្តេចធិបតីបានត្រួតពិនិត្យវឌ្ឍនភាព ការងារអនុវត្តអនុគម្រោងសំណង់ ស្ទាក់ទឹកនិងប្រព័ន្ធដោះទឹកស្ទឹងតូច ប្រវែង៥១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
វាជាផ្នែកមួយនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណបមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ៣០០ម៉ែត្រគូបក្នុងមួយវិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហើយហូរធ្លាក់ទៅទន្លេរបាទី ក្នុងភូមិសាស្ត្រខេត្តតាកែវ និងបន្តធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៧០,៦៤%។
បន្ទាប់មកលោកបានត្រួតពិនិត្យវឌ្ឍនភាព អនុគម្រោងសំណង់ស្ថានីយបូមទឹកសាក់សំពៅ និងការកែលម្អប្រព័ន្ធប្រឡាយមេជើងឯកបីខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ វាជាផ្នែកមួយនៃគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណបមានសក្តានុពល ពង្វាងទឹកចាប់ពីសាក់សំពៅ ជើងឯក ធ្លាក់ទៅព្រែកហូរ ខេត្តកណ្ដាល។
ស្ថានីយបូមទឹកសាក់សំពៅ មានសមត្ថភាពអាចបូមទឹកបាន៣០ម៉ែត្រគូបក្នុងមួយវិនាទី។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៧៦,៧៧%។
បន្ទាប់មកទៀតលោកបានពិនិត្យវឌ្ឍនភាព ប្រព័ន្ធប្រឡាយព្រែកហូរប្រវែង៧,២គីឡូម៉ែត្រ នៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ វាជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតមានសក្តានុពល ដោះទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចស្ពានព្រែកហូរ ក្រុងតាខ្មៅប្រមាណ៥១៥ម៉ែត្រគូប ក្នុងមួយវិនាទី ទៅតាមព្រែក និងប្រឡាយ ហើយធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៩៥%។
សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងថា គម្រោងប្រព័ន្ធដោះទឹកនិងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ដែលបច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តជំហានទី១ និងទី២ ដែលបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤៕