ដោយៈ និស្ស័យ
ភ្នំពេញៈ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃសហរដ្ឋអាមេរិក(USAID)បានគាំទ្រនៃភាពជាដៃគូរវាង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន)។
លោកចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ ឧសភា បានអញ្ជើញចូលរួមបើកកម្មវិធី អបអរសាទរសមិទ្ធផលនៃគំរោងនេះ។
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដោយផ្ទាល់ របស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏បានពង្រីកដល់អង្គភាពផ្សេងទៀត។
មជ្ឈមណ្ឌលបាននឹងកំពុងចូលរួម ជួយគាំទ្រយ៉ាងសកម្មដល់សកម្មភាពផ្សព្វផ្សាយកសិកម្ម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈការផ្សារភ្ជាប់ពីនវានុវត្តន៍កសិកម្ម ចេញពីការស្រាវជ្រាវ ជាមួយនឹងតម្រូវការគាំទ្រ បច្ចេកទេសរបស់កសិករ និងយន្តការជំរុញការចូលរួមរបស់និស្សិត ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងអំឡុងពេលសិក្សា។
លោករដ្ឋលេខាធិការបញ្ជាក់ថា តាមរយៈការប្រឹក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ក៏បានកៀរគរការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីចូលរួមជាមួយយន្តការមានស្រាប់របស់សាកលវិទ្យាល័យ ដែលគាំទ្រដោយ USAID និងបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ លោកក៏បានផ្តល់ជាអនុសាសន៍ ណែនាំមួយចំនួនដល់សាកលវិទ្យាល័យភូមិន្ទកសិកម្មដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន គួរតែពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអង្គភាពក្រោមឱវាទក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាពីការបង្កើតគំរូផ្សព្វផ្សាយកសិកម្មតាមបរិបទខុសៗគ្នា គួរតែសិក្សាពីលទ្ធភាពបង្កើតយន្តការសម្របសម្រួលក្នុងការប្រមូល និងរក្សាទុកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសនានា ដោយសហការជាមួយមន្រ្តីកសិកម្មឃុំ ដើម្បីប្រើប្រាស់ជាធាតុចូល សម្រាប់ការរៀបចំប្រធានបទស្រាវជ្រាវអនុវត្ត និងផលិតចេញជាដំណោះស្រាយ ដែលនឹងត្រូវយកទៅប្រើប្រាស់។
ជាមួយគ្នានោះត្រូវបន្តកៀរគរការគាំទ្របន្ថែម ដើម្បីបង្កើតកម្មវិធីជួយដល់ការពង្រឹងសមត្ថភាព មន្រ្តីផ្សព្វផ្សាយកសិកម្មឃុំ ដែលជាភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ដ៏សំខាន់នៅតាមមូលដ្ឋាន និងជួយផលិតធនធានមនុស្ស លើជំនាញផ្សព្វផ្សាយកសិកម្ម ហើយគួរតែបង្កើតយន្តការ និងស្វែងរកការគាំទ្រហិរញ្ញវត្ថុ ក្នុងការដាក់ពង្រាយនិស្សិតដែលកំពុងសិក្សា នៅតាមមូលដ្ឋានជាមួយមន្រ្តីកសិកម្ម ដើម្បីទទួលបានបទពិសោធន៍ បំពេញការងារជាក់ស្តែង ដែលនឹងជួយដល់ការកសាងទំនុកចិត្ត ការបញ្ចប់ការសិក្សាប្រកប ដោយគុណភាពខ្ពស់ជាដើម៕