កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃក្រុមប្រទេសនិយាយភាសាបារាំងផ្តោតលើអ្វីខ្លះ

        ដោយៈ គង់ ម៉ាលីនណា

        ប៊ែលហ្សិកៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី៣០ ពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

កិច្ចប្រជុំហ្វ្រង់កូហ្វូនក្នុងឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលចំនួន២០ នៃប្រទេសចំនួន៤០ នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាលើមូលបទសំខាន់ៗដូចជា ទី 1- ការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងស្ថានភាពមិនប្រាកដប្រជា និងមានហានិភ័យក៏ដូចជាដំណើរវិវដ្តថ្មីៗ ទី2- ការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ ទី3- ការបែងចែកភូមិសាស្ត្រនយោបាយ ទី4- ការពង្រឹងសុវត្ថិភាពសាយប័រ និងទី5- ឯករាជ្យភាពរបស់ធនាគារកណ្តាល។

លោកជំទាវក៏បានចូលរួមចែករំលែក បទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែក ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមក្នុងបណ្តាញថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងហិរ​ញ្ញ​វត្ថុបៃតង ការអនុវត្តគោលការណ៍គាំទ្រ ការផ្តល់ហិរញ្ញវត្ថុប្រកបដោ​យចីរភាព នៅក្នុងប្រព័ន្ធធនាគារ និងការវិនិយោគទុនបម្រុងអន្តរជាតិលើសញ្ញាបណ្ណបៃតង ជាដើម។

លើសពីនេះ លោកជំទាវក៏បានលើកមតិយោបល់ ក្នុងការជំរុញឱ្យមានការចូលរួមបន្ថែមទៀត របស់មូលនិធិនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ក្នុងការគាំទ្រផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងពង្រឹងកិច្ចសហការ និងសាមគ្គីភាពលើការគាំទ្រ គម្រោងវិនិយោគបៃតង ដោយការទិញសញ្ញាបណ្ណបៃតង ទៅវិញទៅមកជាដើម។

កិច្ចប្រជុំហ្វ្រង់កូហ្វូន ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូន និងផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងធនាគារកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here