អ្នកជំនាញ: ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិនជំរុញឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ផ្លាស់មកកាន់កម្ពុជា និងវៀតណាម

ដោយ: គង់ លាងហួរ

ស៊ីដនីៈ សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ ​លើ​រថយន្ត​អគ្គិសនី​របស់​ចិន (EVs) ​ដល់អត្រា១០០ភាគរយ ព្រម​ទាំង​អត្រាពន្ធ​ពី២៥ទៅ៥០ភាគរយ​ លើ​ផលិតផល​ចិន​ផ្សេង​ទៀត រួម​ទាំង​អាគុយ​លីចូម​អុីយ៉ុង បន្ទះ​សូឡា និងសារធាតុរ៉ែសំខាន់ៗ។

ជុំវិញចំណាត់ការនេះ លោក Roland Rajah នាយកមជ្ឈ​មណ្ឌ​លអភិវឌ្ឍន៍ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅវិទ្យាស្ថាន Lowy លើកឡើងថា សហរដ្ឋអាមេរិក កំពុងធ្វើឱ្យខូចការបើកចំហ ប្រព័ន្ធពាណិជ្ជកម្មសកល ដែលបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ពឹងផ្អែកយ៉ាងខ្លាំង។ លោកបន្តថា ចំណាត់ការនេះ ក៏អាចប៉ះពាល់ដល់វឌ្ឍនភាព នៃការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រទេសដែលមានប្រាក់ចំណូលទាបគឺជាអ្នករងគ្រោះខ្លាំងបំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ ទោះបីមានផលអវិជ្ជមានជាច្រើន ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើយានយន្តអគ្គិសនីរបស់ចិនយ៉ាងណាក្តី ប៉ុន្តែក៏មានផ្លូវមួយ ដែលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានផលប្រយោជន៍ផងដែរ។ នេះបើយោងទៅតាមការលើកឡើងរបស់វិទ្យាស្ថាន Lowy។

លោក Roland Rajah បានគូសបញ្ជាក់ថា “លទ្ធិគាំពារនិយមរបស់អាមេរិក កំពុងត្រូវបានតម្រង់ទិសភាគច្រើន និងជាពិសេសទៅកាន់ប្រទេសចិន ដែលការណ៍នោះបង្កើតឱកាស សម្រាប់ប្រទេសដទៃ”។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។

លោកបន្តថា ការដំឡើងពន្ធពីមុនរបស់សហរដ្ឋអាមេរិក មកលើប្រទេសចិន បានជំរុញឱ្យក្រុមហ៊ុនខ្សែសង្វាក់ ផ្គត់ផ្គង់ថាមពលស្អាតផ្លាស់ប្តូរមូលដ្ឋាន ផលិតកម្មរបស់ពួកគេចេញពីចិន ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដូចជា ប្រទេសវៀតណាម កម្ពុជា និងម៉ិកស៊ិក ហើយការប្រកាសដំឡើងពន្ធចុងក្រោយបំផុត នឹងពង្រឹងនិន្នាការនេះ។

អ្នកជំនាញរូបនេះបញ្ជាក់ទៀតថា ប្រសិនបើសហរដ្ឋអាមេរិកពង្រឹងកិច្ចគាំពារនិយម លើឧស្សាហកម្មថាមពលស្អាតរបស់ខ្លួន នោះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅតែមានមធ្យោបាយសំខាន់ៗ ដើម្បីអាចទទួលបានអត្ថប្រយោជន៍។

លោកបញ្ជាក់ថា “ការដាក់ចេញគោលនយោបាយ ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបោះទុនវិនិយោគ និងផលិតក្នុងស្រុក ដូចជាការផ្ទេរបច្ចេកវិទ្យា និងចំណេះធ្វើ អាចសមហេតុផល ព្រោះថាដើម្បី​ចៀសវាង​ការបង់ពន្ធ​ខ្ពស់ពេកទៅឱ្យអាមេរិក​ ក្រុមហ៊ុន​ចិន​មួយចំនួនបានងាកទៅផលិតទំនិញមួយចំនួននៅក្រៅប្រទេស”។

ទោះបីជាយ៉ាងណាក្តី តាមរយៈយុទ្ធសាស្ត្រនេះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ អាចបង្កើតប្រព័ន្ធថាមពលស្អាតផ្ទាល់ខ្លួន របស់ពួកគេ និងដើម្បីទាញយកអត្ថប្រយោជន៍ ពីការនាំចូលទំនិញរបស់ចិនដែលមានតម្លៃថោក៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here