ឥណ្ឌូនេសុីចាប់ផ្តើមសាងសង់រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល ដ៏ធំមួយនៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រប្រែក្លាយកាកសំណល់ទៅជាឥន្ធនៈចំហេះ (RDF) នៅក្នុងទីក្រុង Rorotan ភាគខាងជើងនៃរដ្ឋធានីហ្សាកាតាកាលពីពេលថ្មីៗកន្លងទៅនេះ។នេះបើយោងតាមសារពត៌មាន VNA។

នៅពេលសាងសង់រួចរាល់ រោងចក្រកែច្នៃកាកសំណល់នេះត្រូវបានគេរាយការណ៍មកថា នឹងក្លាយទៅជាគម្រោងអភិវឌ្ឍន៍ឥន្ធនៈចំហេះ (RDF) ដ៏ធំជាងគេបំផុតមួយផងដែរនៅក្នុងពិភពលោក។

លោក Heru Budi Hartono អភិបាលក្រុងហ្សាកាតាស្តីទី បានគូសបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងហ្សាកាតា ក្នុងការគ្រប់គ្រងបញ្ហាកាកសំណល់ និងដើម្បីធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងសកលប្រកបដោយនិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងដ៏ធំមួយនេះមានដើមទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង១,២៨ទ្រីលានរូពៀ (ប្រហែល៧៩,៥លានដុល្លារអាមេរិក) ដែលបានប្រភពមកពីកញ្ចប់ថវិកាតំបន់ Regional Budget ឆ្នាំ២០២៤ (APBD) របស់រដ្ឋបាលទីក្រុងហ្សាកាតា។

នៅពេលការសាងសង់បញ្ចប់រួចរាល់ រោងចក្រដ៏ធំនេះ នឹងមានសមត្ថភាពកែច្នៃកាកសំណល់ចំនួន២.៥០០តោន និងផលិតបានឥន្ធនៈចំហេះ(RDF) ប្រមាណ៨៧៥តោននៅក្នុងមួយថ្ងៃៗ។

លោក Heru បានបញ្ជាក់បន្ថែមថា ទីក្រុងហ្សាការតាផ្តល់អាទិភាពដល់ការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុង ដើម្បីធ្វើយ៉ាងណាឱ្យការដាក់បន្ទុកលើទីតាំងកែច្នៃកាកសំណល់ចម្រុះ Bantargebang (TPST) ត្រូវបានកាត់បន្ថយ។

គម្រោងសាងសង់រោងចក្រកែច្នៃឥន្ធនៈចំហេះ (RDF) នេះត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២៤នេះ ហើយនឹងអាចបើកដាក់ឱ្យដំណើរការបាននៅឆ្នាំ២០២៥ខាងមុខ ដើម្បីជំរុញដល់ការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងហ្សាកាតា៕ប្រភព: VNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here