ឧកញ៉ាគួច ម៉េងលី ៖ អ្នកមានត្រូវការពេល៤០ម៉ោងក្នុងមួយថ្ងៃទើបគ្រប់

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ មនុស្សម្នាក់ៗតែងតែត្អូញត្អែថាខ្ញុំក្រណាស់ ខ្ញុំលំបាកណាស់ ខ្ញុំមិនដឹងធ្វើអ្វី រកលុយបានដោយរបៀបណា ខណៈខ្លួនឯងកំពុងអង្គុយផឹកស្រា អង្គុយសង់ទីម៉ង់ជាមួយមិត្តភក្ដិក្នុងហាងកាហ្វេ ឬដើរតែអត់ប្រយោជន៍ និងមិនឃើញធ្វើអ្វីដែលអាចរកលុយបានសោះ។ នេះជាប្រសាសន៍របស់លោកឧកញ៉ា គួច ម៉េងលី ជាអគ្គនាយកនៃក្រុមហ៊ុន MJQ។

លោកឧកញ៉ា បាននិយាយរៀបរាប់ថា អ្នកមានគេរកតែពេលវេលាជួបជុំបងប្អូន ប្តីប្រពន្ធ ស្ទើរតែមិនបានផង ។ ពេលវេលា២៤ម៉ោងសម្រាប់អ្នកមានគឺមិនគ្រប់គ្រាន់ឡើយ គេត្រូវការពេលវេលា៤០ម៉ោងក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ ហើយគេមិនមានពេលវេលាឯណាទៅផឹកសុំជុំមិត្តភក្ដិ អ្នកមានគ្មានពេលវេលាឯណាដើរលេងបាល់ទាត់ បាល់ទះ ហើយក៏គ្មានទៅសង់ទីម៉ង់អីដែរ គេរកតែពេលដេកសឹងតែមិនបានផង។

លោកឧកញ៉ាបានមានប្រសាសន៍បន្តថា អ្នកមានខ្លះទៀត ដែលមានដោយបន្តកេរពីឪពុកម្ដាយ ក៏គេមានជំនាញក្នុងការគ្រប់គ្រងពាណិជ្ជកម្ម និងអាជីវកម្មពុកម៉ែគេដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលពួកគេមិនទាន់កាន់កាប់ការងារឪពុកម្ដាយគេ ក៏គេបានសិក្សារៀនសូត្រពីបរិយាកាសជុំវិញរួចហើយ ដូចជាចំណាយពេលក្នុងការសេពគប់មិត្តភក្ដិ ចំណាយពេលក្នុងការស្ដាប់អ្នកជោគជ័យ អ្នកពាណិជ្ជកម្មរាប់រយនាក់ អានសៀវភៅរាប់រយក្បាល ។ អ្នកបែបនេះអាចថាគេពូកែជាឪពុកម្ដាយរបស់គេទៅទៀត គេអាចពីអត្តចរឹករបស់បុគ្គលិក និងវិធីសាស្ត្រក្នុងការគ្រប់គ្រងបុគ្គលិក ។ បែបនេះទើបអាចអោយក្រុមហ៊ុនបន្តរបស់ឪពុកម្ដាយគេមាននិរន្តរភាពទៅមុខ ។

លោកឧកញ៉ា បន្ថែមថា បើចង់ក្លាយជាអ្នកមានសូមចំណាយពេលឱ្យច្រើនជាមួយនឹងការងារ ហើយត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ហើយកាត់បន្ថយការដើរលេងច្រើន ជិះកង់កម្សាន្តច្រើន អង្គុយផឹកកាហ្វេច្រើន កាត់បន្ថយជួបមិត្តភក្ដិ មើលកុនផឹកស៊ីអោយច្រើន ។ លោកថា៖«សកម្មភាពជិះកង់កម្សាន្តច្រើន ផឹកកាហ្វេច្រើន ជួបជុំផឹកស៊ីច្រើន គឺជាការងាររបស់កូនមហាសេដ្ឋីប្រាក់លានទេ ចំណែកអ្នកកំពុងចង់ក្លាយជាអ្នកមាន គេមិនមានពេលទាំងនោះឡើយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here