ធនាគារ ABA ប្រកាសពន្យារពេលផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ធនាគារ ABA) បានប្រកាសពន្យាពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ធនាគារ ដែលបានដាក់ជូនក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២។

ធនាគារ ABA បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា “ដោយសារកំឡុងពេលត្រីមាសទី៣នេះ មានថ្ងៃឈប់សម្រាកច្រើន និងមានការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ សវនករឯករាជ្យ និងធនាគារ ABA ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ចប់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងអនុម័តលើរបាយការណ៍ហរិញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០”។

ធនាការ ABA Bank ដែលជាសមាជិកសម្ពន្ធធនាគារជាតិកាណាដា កាលពីខែកក្កដា ឆ្នាំ២០១៩ បានប្រកាសថា ធនាគារ ទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) លើសំណើបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ (ABA Bond)ជាសាធារណៈ។ ការអនុញ្ញាតជាគោលការណ៍នេះ ត្រូវបានការអនុម័តក្នុងកិច្ចប្រជុំរបស់គណៈកម្មការមូលបត្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ធនាគារ ABA នឹងត្រូវបន្តនីតិវិធីនៃការបោះផ្សាយលក់សញ្ញាបណ្ណនេះ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុននឹងទទួលបានការអនុញ្ញាតជាផ្លូវការក្នុងការចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា (CSX)។ ធនាគារ គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ ប៊ីលានរៀល (ប្រហែល ៣២ លានដុល្លារ) ដែលមានតម្លៃចារឹក ១០០,០០០ រៀល ក្នុងមួយ សញ្ញាបណ្ណ និងមានឥណប្រតិទាន ៣ ឆ្នាំ។ អត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាបណ្ណ គឺចន្លោះពី ៧.០០% ទៅ ៧.៧៥% ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចដែលធនាគារបានជូនដំណឹងកន្លងមក ទឹកប្រាក់បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូចនិងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ សម្រាប់ការបោះផ្សាយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here