ដោយ: គង់ លាងហួរ
ប៉េកាំង: ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “លំនៅដ្ឋានគឺសម្រា ប់ការរស់នៅ មិនមែនសម្រាប់ទិញទុកចំណេញ” ប្រទេសចិនកំពុងអនុវត្តន៍វិធានការ គោលដៅទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ ដើម្បីផ្លាស់ប្តូរគំរូ នៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យរបស់ខ្លួន។
ប្រទេសចិនកំពុងបង្កើនការគាំទ្រ ផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ តាមរយៈការដាក់ចេញគោលនយោបាយ ដែលកំណត់គោលដៅច្បាស់លាស់ចំនួនពីរ។
ទី១ការពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ ការការពារផលប្រយោជន៍របស់ប្រជាជន..
ប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងបំពេញតម្រូវការហិរញ្ញប្បទានដល់សហគ្រាសអចលនទ្រព្យ ក្រោមទម្រង់ផ្សេងៗដោយស្មើភាពគ្នា និងបង្ក្រាបលើអាកប្បកិរិយា ដែលរារាំងផលប្រយោជន៍របស់ប្រជាជន ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។
យោងតាមលោក Ni Hong រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង-ជនបទបានឱ្យដឹងថា អាជ្ញាធរលំនៅដ្ឋានកំពូលរបស់ប្រទេសចិន គ្រោងសហការជាមួយអាជ្ញាធររដ្ឋបាលហិរញ្ញវត្ថុ ដើម្បីណែនាំថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការបង្កើតយន្តការសម្របសម្រួល ហិរញ្ញប្បទានអចលនទ្រព្យ និងក្នុងការពង្រីកការគាំទ្រ សម្រាប់គម្រោងសំខាន់ៗ។
ក្នុងពេលជាមួយគ្នានេះ លោក Ni Hong បានលើកឡើងថា ក្រុមហ៊ុនអចលនទ្រព្យណា ដែលប្រឈមនឹងវិបត្តិក្ស័យធន ឬអសមត្ថភាព ក្នុងប្រតិបត្តិការអាជីវកម្ម គួរតែក្ស័យធនទៅ ឬរៀបចំរចនាសម្ព័ន្ធទ្រព្យសកម្មឡើងវិញ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ប្រទេសចិនមានការតាំងចិត្តក្នុងការស៊ើបអង្កេត និងបង្ក្រាបនូវអាកប្បកិរិយាទាំងឡាយណា ដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ”។
នៅក្រោមយន្តការ “បញ្ជីស” ដែលបានចាប់ផ្តើមនៅចុងខែមករា អាជ្ញាធរមូលដ្ឋាន កំពុងណែនាំគម្រោងអចលនទ្រព្យ ដែលមានសិទ្ធិទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ស្ថាប័នហិរញ្ញវត្ថុនានា។
គិតមកទល់ពេលនេះ ទីក្រុងនៅប្រទេសចិនចំនួនជាង៣០០ នៅក្នុងតំបន់កម្រិតថ្នាក់ខេត្តចំនួន៣១ បានបង្ហាញគម្រោងអចលនទ្រព្យជាង៦.០០០គម្រោង ដែលស័ក្តិសមទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានក្រោមយន្តការ “បញ្ជីស”។ ក្នុងចំណោមគម្រោងទាំងនេះ ចំនួនា៨២,៨ភាគរយ ត្រូវបានស្នើដោយក្រុមហ៊ុនឯកជន ឬសហគ្រាសកម្មសិទ្ធិចម្រុះ។
គិតត្រឹមខែកុម្ភៈកន្លងទៅ បណ្តាធនាគារពាណិជ្ជបានអនុម័តប្រាក់កម្ចី ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ លើសពី២០០ពាន់លានយ័ន(ប្រហែល២៨,១៥ពាន់លានដុល្លារអាមេរិក)។
ទី២: គោលនយោបាយតម្រង់ទិញប្រជាជន
ស្របពេលដែលការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារអចលនទ្រព្យប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនកំពុងប្រើ វិធីសាស្រ្តតម្រង់ទិសប្រជាជន ក្នុងការកែប្រែស្ថានភាពទីផ្សារអចលនទ្រព្យរបស់ខ្លួន។
តួយ៉ាង ប្រទេសចិនបានស្នើឱ្យបង្កើន ការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ ការបន្តសាងសង់ភូមិនៅក្នុងទីក្រុង និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រាប់ការប្រើប្រាស់ជាប្រចាំ និងក្នុងគ្រាអាសន្ន។
លោក Ni Hong បានអះអាងថា បន្ថែមពីលើការបង្កើនការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ កិច្ចខិតខំប្រឹងប្រែងក៏ត្រូវធ្វើឡើងផងដែរ ក្នុងការសាងសង់លំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ ដើម្បីធ្វើយ៉ាងឱ្យប្រជាជន អាចរស់នៅប្រកបដោយផាសុខភាពល្អ និងមានភាពងាយស្រួល។
ម្យ៉ាងទៀត ចាប់តាំងពីឆ្នាំមុនមក ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ រួមទាំងការអនុវត្តន៍លក្ខខណ្ឌកម្ចីអនុគ្រោះ ការបញ្ចុះអត្រាការប្រាក់ ការបញ្ចុះប្រាក់កក់ ការបន្ធូរបន្ថយពន្ធ និងកម្រៃសេវា ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អ្នកទិញផ្ទះ។
នៅឆ្នាំនេះ ទីក្រុងជាង៣០នៅប្រទេសចិន បានដាក់ចេញនូវគោលនយោបាយ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ឬការឧបត្ថម្ភធន ដើម្បីគាំទ្រពលរដ្ឋ ដែលមានបំណងលក់ផ្ទះចាស់របស់ពួកគេដើម្បីទិញផ្ទះថ្មី ដែលល្អប្រសើរជាងមុន។
លើសពីនេះ ទីក្រុងជាច្រើននៅទូទាំងប្រទេសចិន ក៏បានអនុវត្តន៍គោលនយោបាយទិញផ្ទះអំណោយផល សម្រាប់គ្រួសារដែលមានកូនពីរនាក់ ឬច្រើននាក់ផងដែរ៕ប្រភព: Xinhua៕