ក្រសួងការងារនឹងសម្រួលមិនយកកម្រៃលើសេវាកម្ម ប្រមាណ១០ប្រភេទ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោ​កហេង​សួរ បានថ្លែងបញ្ជាក់ទៅកាន់សមាជិក សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួង នៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយា​កាសអាជីវកម្ម នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការបញ្ជាក់របស់របស់លោក ក្នុងពេលដែលលោកបានអញ្ជើញជាអធិបតី ក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំ របស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា(EUROCHAM) កាលពីថ្ងៃទី២៤ មេសាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហេង សួរបានលើកឡើងថា សេវាមិនតិចជាង១០ប្រភេទនោះទេ ដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលា ដែលជាការអនុវត្តតាមអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន។

លោកបានបញ្ជាក់ថា “ការកែសម្រួលសេវា នឹងអាចប្រកាសនៅដើមសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ”។បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះស្ថានអប់រំ សិក្សារបស់ក្រសួង ដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ តាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រ ជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹក ពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដែលទទួលបានការបណ្តុះបណ្តាល ដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។

ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ យកការបណ្តុះបណ្តាលជំនាញ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាមារយាទ មនសិការវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវដែលមានផលិតភាពខ្ពស់ មានភាពធន់ បត់បែនដែលអាចឆ្លើយតប តាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថលក្នុងទិសដៅធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here