សហគ្រិនខ្មែរផ្តល់កម្ចីដល់ SME ចំនួន ៣៨ ដើម្បីទទួលបានទុន សម្រាប់ធ្វើអាជីវកម្ម

        ដោយៈ និស្ស័យ

        ភ្នំពេញៈ សហគ្រិនខ្មែរ បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាន ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួន៣៨ ដើម្បីគាំទ្រពួកគេ រក្សាបាននូវស្ថេរភាពអាជីវកម្ម ពង្រឹងប្រតិបត្តិការអាជីវកម្ម និងបង្កើនសក្តានុពលនាំចេញរបស់ពួកគេ។

ពិធីដែលបានធ្វើកាលពីសប្តាហ៍មុននេះ ប្រព្រឹត្តទៅក្រោមអធិប​តីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគ្រាសខ្មែរ នេះបើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកហែម វណ្ណឌី មានប្រសាសន៍ថា “សហគ្រិនខ្មែរបានកសាងសមិទ្ធិផលនាពេលកន្លងមក ហើយប្តេជ្ញាចិត្តក្នុងបេសកកម្មរបស់ខ្លួន ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដោយផ្តោតជាពិសេសលើការរក្សាធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា តាមរយៈការផ្តល់ជំនួយបច្ចេកទេស យ៉ាងទូលំទូលាយ និងយន្តការហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរ បាននឹងកំពុងផ្តល់អំណាច ​ដល់សហគ្រាសក្នុងស្រុក បង្កើនភាពប្រកួតប្រជែ​ង និងលទ្ធភាពទទួលបានទីផ្សារ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ដូចបណ្តាប្រទេសដទៃទៀតដែរ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់កម្លាំងពលកម្មប្រហែល៧០ភាគរយ និងរួមចំណែកប្រមាណ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។

ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធីផ្សេងៗ ក្នុងគោលបំណងពង្រីកជំនួយហិរញ្ញវត្ថុ ផ្ទាល់ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមជាច្រើននៅទូទាំងខេត្ត-ក្រុងរបស់កម្ពុជា។

ការគាំទ្រពីសហគ្រិនខ្មែរ ដល់សហគ្រាសក្នុងស្រុក មានចាប់ពីការជំរុញសហគ្រិនភាព ក្នុងចំណោមសិស្សវិទ្យាល័យ រហូតដល់ការបណ្តុះវប្បធម៌សហគ្រិនដ៏រឹងមាំ ផ្តល់ការបណ្តុះបណ្តាលទូលំទូលាយដល់ធុរកិច្ចថ្មី សម្របសម្រួលវេទិកាប្រកួតប្រជែង សម្រាប់ការបង្កើតគំរូអាជីវកម្ម ជំរុញឱកាសបណ្តាញទំនាក់ទំនងរវាងសហគ្រិន និងវិនិយោគិន និងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈ កម្មវិធីផ្សេងៗ។

លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល សហគ្រិនខ្មែរ នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការគាំទ្រសហគ្រិន”។

លោកបន្តថា យើងកំពុងណែនាំកម្មវិធីថ្មី ដែលមានឈ្មោះថា ‘KE Financial Packages++’ ដែលរៀបចំឡើងសម្រាប់សហគ្រិនដែលធ្លាប់ទទួលបានអត្ថប្រយោជន៍ និងបង្ហាញពីភាពជោគជ័យជាមួយនឹងគំនិតផ្តួចផ្តើមសហគ្រិនខ្មែរ។ កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណង ពង្រឹងសមត្ថភាពរបស់សហគ្រិន ក្នុងការពង្រីកទីផ្សារ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម។

Khmer Enterprise Assistance Package++ ដែលបានផ្តល់ជូនសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនាពេលបច្ចុ​ប្បន្ននេះ រួមមានកម្មវិធីចំនួនពីរ កម្មវិធីទី១ កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលជាកម្មវិធីយុទ្ធសាស្រ្តដ៏មុតស្រួច ដែលត្រូវបានរចនាឡើង ដើម្បីគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពនានា ដើម្បីរក្សាស្ថិរភាពអាជីវកម្មរបស់ពួកគេ។

កញ្ចប់ជំនួយនេះគឺ (១) មានការប្រកួតប្រជែងខ្ពស់ និងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅទូទាំង២៥ រាជធានី-ខេត្ត។ ២ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលបានហិរញ្ញប្បទានដោយផ្ទាល់ និងទាន់ពេលវេលា ៣ ប្រសិទ្ធភាពខ្ពស់ និងគោលដៅក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិ។ និង៤ មានភាពយុត្តិធម៌ខ្ពស់ក្នុងការវាយតម្លៃ និងការដាក់ពិន្ទុពីគណៈកម្មការជំនាញ ដែលតំណាងឱ្យស្ថាប័នធំៗ ដូចជាធនាគារ និងក្រុមហ៊ុនវិនិយោគ សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ ជាដើម។

កម្មវិធីទី២ ការរៃអង្គាសថវិកា សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្តល់ការបណ្តុះបណ្តាល ដោយអ្នកជំនាញវិនិយោគដល់អាជីវកម្មនានា ដែលមានបំណងរៃអង្គាសថវិកាបន្ថែម ដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេ។ កម្មវិធីនេះគឺជាយន្តការដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈលទ្ធភាពទទួលបានហិរញ្ញប្បទានពីវិស័យឯកជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here