ធនាគាររដ្ឋវៀតណាម ត្រៀមចូលធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីស្តារអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាព

ដោយ: គង់ លាងហួរ

ហាណូយ: ធនាគាររដ្ឋនៃប្រទេសវៀតណាម (SBV) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើចាំបាច់ ដើម្បីរក្សាអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាព។ នេះបើយោងតាមការលើកឡើងរបស់លោក Dao Minh Tu ទេសាភិបាលរងនៃធនាគារSBV។

ទេសាភិបាលរង នៃធនាគាររដ្ឋវៀតណាមរូបនេះ បានថ្លែង នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីពេលថ្មីៗនេះថា ធនាគារក៏អាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រង និងស្តារស្ថិរភាពទីផ្សារប្តូរប្រាក់បរទេសផងដែរ ខណៈធនាគារមានទុនបម្រុងជារូបិយប័ណ្ណបរទេសជាង១០០ពាន់លានដុល្លារអាមេរិក។

លោកបន្តថា “អត្រាប្តូរប្រាក់គឺជាសូចនាករ ម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចជះផលប៉ះពាល់ដល់អំណាច នៃការទិញរបស់រូបិយប័ណ្ណវៀតណាម និងគោលនយោបាយសេដ្ឋកិច្ចផ្សេងទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ដូច្នេះហើយ ធនាគាររដ្ឋវៀតណាមប្តេជ្ញាចិត្ត ក្នុងការគ្រប់គ្រង គោលនយោបាយប្រកបដោយភាពបត់បែន ដើម្បីធានាឱ្យបានថា អត្រាប្តូរប្រាក់របស់យើងមានភាពសមស្រប។

កាលពីខែមីនាកន្លងទៅ ធនាគារ SBV បានប្រមូលកៀរគរថវិកាចំនួន១៦៤,៣ទ្រីលានដុង (ប្រមាណ៦,៦ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់ប័ណ្ណរតនាគារ ដល់បណ្តាធនាគារនានា ដើម្បីពង្រឹងតម្លៃប្រាក់ដុង។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីធនាគារខាងលើ បានបញ្ឈប់ការបោះផ្សាយលក់មូលបត្របំណុល នៅដើមខែមេសា ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃយ៉ាងគំហុក បើធៀបនឹងប្រាក់ដុង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោក Tu បានពន្យល់ថា “ការហក់ឡើងនៃតម្លៃប្រាក់ដុល្លារអាមេរិក នាពេលថ្មីៗនេះ គឺដោយសារតែធនាគារកណ្តាលអាមេរិក ពុំទាន់បានកំណត់ពេលវេលាជាក់លាក់ សម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅឡើយ ដែលកត្តា​នេះ​បាន​ធ្វើ​ឲ្យ​រូបិយប័ណ្ណ ​ជា​ច្រើន​ធ្លាក់​ថ្លៃ​ចុះបើធៀប​នឹង​ប្រាក់​ដុល្លារ”។

លោក​បាន​គូសបញ្ជាក់បន្ថែម​ថា “អត្រា​ការ​ប្រាក់​របស់​វៀតណាម​មានកម្រិតទាប​ ជាង​អត្រា​ការ​ប្រាក់​របស់សហរដ្ឋ​អាមេរិក។ ដូច្នេះ ការណ៍នេះ ក៏បាន​ដាក់​សម្ពាធ​ទៅលើ​អត្រា​ប្តូរ​ប្រាក់ ​របស់យើងផង​ដែរ​”៕ប្រភព:VNexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here