អ្នកជំនាញ៖ ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរច្រើនពីការរស់នៅផ្ទះជាប់ដី មករស់នៅក្នុងខុនដូ

ដោយ៖ លក្ខណា
ភ្នំពេញ៖ បើទោះជាវិស័យជាច្រើនដែលគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានរងផលប៉ះពាល់ពីកូវីដ១៩ ក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ខុនដូក្នុងប្រទេសកម្ពុជាជាច្រើនក៏៏នៅតែបន្តអភិវឌ្ឍន៍ ហើយឥរិយាបថរបស់ពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរច្រើនពីការរស់នៅផ្ទះជាប់ដី មករស់នៅក្នុងខុនដូ។

បើតាមលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CBRE បានឱ្យដឹងថា ការលក់នៃវិស័យអចលនទ្រព្យ ក្នុងនោះវិស័យខុដូឃើញថាមានការថយចុះច្រើន ខណៈគម្រោងអភិវឌ្ឍន៍ខុនដូក្នុងប្រទេសកម្ពុជាជាច្រើនក៏៏នៅតែបន្តអភិវឌ្ឍន៍ និងមានគម្រោងតិចតួចបំផុតដែលផ្អាកសកម្មភាពឬបន្ថយសកម្មភាពអភិវឌ្ឍន៍របស់ខ្លួន។

លោកស្រីបន្តថាកាលពីមុនពីកូវីដចាប់ផ្ដើមផ្ទុះ ការលក់ខុនដូ ក្នុងប្រទេសកម្ពុជា ហាក់មានភាពល្អប្រសើរ រួមទាំងការជួលផងដែរ ហើយភាគច្រើននៃអ្នកជួលនិងទិញខុនដូ គឺជាជនបរទេស ក៏ប៉ុន្តែនៅពេលដែលកូវីដ១៩ ចាប់ផ្ដើមផ្ទុះ ឃើញថា ជនបរទេសនៅកម្ពុជា បានចាកចេញពីកម្ពុជា និងមិនទាន់អាចត្រលប់មកកម្ពុជាម្ដងទៀត ខណៈជនបរទេសថ្មីៗក៏មិនអាចចូលមកកម្ពុជា ពីព្រោះតែវិធានការរបស់ប្រទេសនីមួយ ជាក់ស្ដែងគេឃើញស្រាប់ហើយ ជើងហោះហើរភាគច្រើនបានផ្អាកការហោះហើរ ដែលមិនអោយជនបរទេសហោះចូលមកកម្ពុជា។
លោកស្រីនិយាយថា៖« ដោយសារតែកត្តាទាំងនេះ ការទិញខុនដូ ក៏ដូចជាអ្នកជួលខុនដូ ក្នុងប្រទេសកម្ពុជា ជាជនជាតិខ្មែរ ហើយខុនដូ សម្រាប់ជួលក៏បានធ្លាក់ចុះខ្លាំង ជាក់ស្ដែងពីមុនខុនដូ ដែលនៅទំនេរមានប្រមាណតែ១៥ភាគរយប៉ុណ្ណោះ តែពេលនេះវាសល់ទំនេររហូតដល់ចាង៣០ភាគរយ»។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីអាន សុធីតា បានឱ្យដឹងទៀតថា ទោះជាយ៉ាងណាក៏ដោយ ឥរិយាបថរបស់ពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរច្រើនពីការរស់នៅផ្ទះជាប់ដី មករស់នៅក្នុងខុនដូ ជាអគារសហកម្មសិទ្ធិ ជាពិសេសគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោង និងអ្នកដែលទើបត្រលប់ពីបរទេស ដោយសារតែពួកគេមានបទសោធន៍ក្នុងការរស់នៅខុនដូស្រាប់កាលនៅបរទេស ខណៈឥរិយាបថពលរដ្ឋវ័យចំណាស់ គឺពិបាកក្នុងការផ្លាស់ប្តូរ។

មួយវិញទទៀត ដោយសារតែដីឡើងថ្លៃនៅកណ្ដាលក្រុង ដូច្នេះសម្រាប់អ្នកដែលចង់រស់នៅកណ្ដាលក្រុងទីប្រជុំជន ត្រូវការចំណាយលុយច្រើនសម្រាប់សាងសង់ផ្ទះឬទិញផ្ទះស្នាក់នៅ តែបើពុំនោះទេពួកគេ អាចទិញជាខុនដូសម្រាប់ស្នាក់នៅវិញទើបអាចរស់នៅក្នុងកណ្ដាលក្រុងបាន»។

លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ ខុនដូសរុបនៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាង២ម៉ឺនយូនីតហើយ ក្នុងនោះគម្រោងដែលបានបញ្ចប់ក៏មានរហូតដល់៦០គម្រោង និងកំពុងបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត បើទោះបីជាបច្ចុប្បន្ននេះកម្ពុជា កំពុងស្ថិតដំណាក់កាលទប់ស្កាត់កូវីដ១៩ក្ដី ។

លោកស្រីនិយាយថា៖« នៅក្នុងកាលៈទេសៈកូវីដ១៩ គម្រោងខុនដូរបញ្ចប់ហើយ ហាក់មានការគាំទ្រច្រើនជាងគម្រោងខុនដូកំពុងដាក់លក់និងអភិវឌ្ឍន៍ ពីព្រោះគម្រោងដែលបញ្ចប់ហើយ ទទួលបានការគាំទ្រពីធនាគារក្នុងការផ្ដល់ឥណទានទៅអតិថិជន ខណៈគម្រោងកំពុងសាងសង់តិចតួចប៉ុណ្ណោះដែលទទួលបានឥណទានពីធនាគារ » ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងផងដែរថា ចាប់តាំងពីកូវីដ១៩ចាប់ផ្ដើមរាលដាលក្នុងប្រទេសកម្ពុជាមានគម្រោងសាងសង់ខ្លះផ្អាក និងខ្លះទៀតបន្តការអភិវឌ្ឍដដែល និងអភិវឌ្ឍន៍ក្នុងកម្រិតមួយទៅតាមស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ច និងស្ថានភាពកូវីដ១៩។

ទោះជាយ៉ាងណាក្ដីតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញផងដែរ ក្នុងឆមាសទី១ឆ្នាំ ២០២០នេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យសំណង់សរុបប្រមាណ២.៥២២ គម្រោងទូទាំងប្រទេស គិតជាទឹកប្រាក់វិនិយោគមានប្រមាណ៣,៨៤ពាន់លានដុល្លារអាមេរិក កើនឡើង១៣,២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here