គំនិតមួយៈក្រុងសៀមរាបនឹងត្រលប់ទៅរកភាពរ៉ុងរឿងដូចកាលពីអតតីតកាល?

ដោយស៊ីវ ម៉េង

សៀមរាបៈ នៅពេលអ្នកដើរចូលបរិវេណអង្គរ តើអ្នកទៅមើលថ្ម ឬទៅស្វែងរកអតីតៈកាល ដែលធ្លាប់រ៉ុងរឿង ហើយព្យាយាមប្រើប្រាស់មូលដ្ឋានចំណេះដឹងរបស់អ្នក ដើម្បីកសាងអតីតៈមហានគរនេះឲ្យមានភាពរ៉ុងរឿងជាថ្មី?

ដែនដីដ៏មហស្ចារ្យនេះបានលិចលង់ជាមួយនឹងមនោគមន៍វិជ្ជាអសោចដែលបំពុលឡើងដោយជនបរទេស ហើយផ្នត់គំនិតអាត្មានិយមបានរីកសុះសាយ ក្នុងផ្នត់គំនិតខ្មែររាប់រយជំនាន់ វាបានក្លាយជាឈាមរបស់ខ្មែរ ដែលសូម្បីតែបងប្អូនបង្កើតនៅក្នុងគ្រួសារតែមួយ ក៏ប្រឹងជាន់គ្នា ដើម្បីដណ្តើមយកឧត្តមភាពដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាសាទអង្គរវត្តតំណាងឲ្យការរួបរួមការវេញត្របាញ់គ្នាជាធ្លុងមួយក្នុងមនោគមដើមរបស់មហាបុរសខ្មែរប៉ុន្តែស្តេចដែលកសាងប្រាសាទបាយ័នបានកសាងប្រាសាទនេះឡើងដើម្បីខ្លួនឯងនិងចាប់ផ្តើមបង្កើតគំនិតអញនិយមឡើង (មើលសៀវភៅលោកហ្សក សឺដេស) ហើយព្រះបាទអង្គនេះ បានចាប់ផ្តើមធ្វើឲ្យសង្គមខ្មែរ មហានគរចាប់ផ្តើមបែកបាក់គួរឲ្យសោកសង្រេង រហូតមកទល់ពេលនេះ។

មកដល់សតវត្សរ៍ទី២១នេះខ្មែរបានរួបរួមគ្នាក្នុងខណៈពេលដែនដីធ្លាប់រ៉ុងរឿងកាលពី៨០០ឆ្នាំមុនបានរូញតូចនិងស្ទើរបាត់ពីផែនទីពិភពលោកនៅចុងសតវត្សរ៍ទី១៩។

អាណាចក្រអង្គរដែលបានចាប់ផ្តើមពីឆ្នាំ៨០២ដល់ចុងសតវត្សរ៍ទី១៣បានសាយភាយកេរ្ត៍ឈ្មោះកិត្យានុភាពយ៉ាងសុះសាយទៅកាន់ពិភពលោកដោយសារអំណាចនៃការរួបររួមដោយសារមនោគមវិជ្ជាដ៏ស័ក្តិសិទ្ឋដែលមហានគរមានមានមេដឹកនាំដែលចេះបង្រួបបង្រួមនិងគោរពគោលការណ៍ការរួបរួម និងដម្កល់ប្រយោជន៍ជាតិជាធំ

តើយើងអាចត្រលប់ទៅរកអតីតកាលវិញបានឬទេនិងប្រែក្លាយទឹកដីដ៏ស័ក្តិសិទ្ឋនេះស្គាល់ភាពរ៉ុងរឿងជាថ្មីឬយ៉ាងណា?

ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលទីក្រុងនេះនឹងមានភាពស្រស់បំព្រងឡើងវិញបន្ទាប់ពីផ្លូវតូចធំចំនួន៣៨ខ្សែបញ្ចប់ការស្ថាបនាជាមួយនឹងការវិនិយោគទឹកប្រាក់ប្រមាណ១៥០លានដុល្លារអាមេរិក។

ទីក្រុងនេះត្រូវបានរងការរិះគន់ជាយូរមកហើយពីបញ្ហាហេដ្ឋារចនាសម្ព័ន្ឋអនាម័យភាពក្រីក្រ។សំណួរជាច្រើនធ្លាប់បានសួរថាហេតុអីខេត្តសៀមរាបជាខេត្តជាប់ចំណាត់ថ្នាក់ក្រីក្រជាងគេនៅកម្ពុជា?

ចម្លើយសមហេតុផលមួយគឺការប្រើប្រាស់មូលធនដែលមាន និងលំហូរសាច់ប្រាក់ ដែលទទួលបានពីភ្ញៀវទេសចរណ៍រាប់លាននាក់ ទៅទស្សនាកេរ្ត៍ដំណែល និងប្រាសាទរាប់រយពាន់ក្នុងខេត្តនេះ មិនទាន់មានប្រសិទ្ឋភាព។

គេហទំព័រទេសចរណ៍Trip advisor បានទទួលការបោះឆ្នោតជ្រើសរើសពីភ្ញៀវទេសចរណ៍ទូទាំងពិភពលោកថា ប្រជាជនកម្ពុជា ជាប្រជាជនមានភាពរួសរាយរាក់ទាក់ជាងគេក្នុងពិភពលោក

ក្រសួងទេសចរណ៍? ហេតុអីមិនប្រើប្រាស់សក្តានុពលនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តនេះឲ្យបាន២០ ទៅ៣០លាននាក់ក្នុងមួយឆ្នាំ? ហេតុអីធ្វើមិនបាន? មកពីសមត្ថភាពនៅមានកម្រិត? ឬមកពីគ្មានឆន្ទះនយោបាយច្បាស់លាស់?ខណៈដែលធនធានវប្បធ៌ម ប្រវត្តិសាស្រ្ត អរិយធ៌មដ៏អស្ចារ្យរបស់ខ្មែរ មានច្រើនរាប់មិនអស់ ហេតុអីមិនយកមករំលេចឡើង ប្រើប្រាស់ឲ្យអស់សក្តានុពល?

ប៉ុន្តែពេលនេះវិបត្តិសេដ្ឋកិច្ចសាកលកំពុងកើតឡើងស្មេរមិនអាចបន្ទោសអ្នកណាម្នាក់បានឡើយប៉ុន្តែស្ថានភាពនឹងកាន់តែប្រសើរឡើងហើយខណៈឆ្នាំ២០២១នឹងកៀកមកជិតដល់បណ្តើរ កម្ពុជារំពឹងទទួលបាននូវសេដ្ឋកិច្ចរីកចម្រើន ភ្ញៀវជាតិ អន្តរជាតិនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត។

ប្រទេសថៃឯណោះវិញបានចាប់ផ្តើមបង្កើតស្ពតពាណិជ្ជកម្មដើម្បីបង្ហាញទៅកាន់ពិភពលោកថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលភ្ញៀវទេសចរណ៍នានាមកពីជុំវិញពិភពលោក។ ពួកគេបានដាក់ពាណិជ្ជកម្មនេះ លើបណ្តាញទំនាក់ទំនងសង្គមទៅគ្រប់ប្រទេសតាមរយៈFacebook ដោយបកប្រែភាសាតាមប្រទេសនិមួយៗយ៉ាងរសរវើក ប៉ុន្តែក្រសួងទេសចរណ៍កម្ពុជា ហាក់ដូចជាស្ងាត់ស្ងៀម បញ្ចេញតែសេចក្តីជូនដំណឹងដើម្បីឲ្យវិស័យឯកជនបង់លុយតែប៉ុណ្ណឹងឬ??

រាជធានីអង្គរកាលពីអតីតកាលនឹងរុងរឿងជាថ្មី? ក្រោមឥទ្ឋិពលនិងមនោគមនៃការរួបរួម ប្រើប្រាស់អំណាចនៃការរួបរួម ប្រើប្រាស់មូលធនមនុស្ស មូលធនចំណេះដឹង រាជធានីនេះនឹងជួបភាពរ៉ុងរឿងជាថ្មី ទោះបីដីយើងមិនធំដូចមុន តែចិត្តមេដឹកនាំកម្ពុជាធំ កម្ពុជានឹងស្គាល់ភាពរ៉ុងរឿងម្តងទៀត។

ក្រុមហ៊ុនជាតិអន្តរជាតិប្រមាណ១០០បាននិងកំពុងរង់ចាំពេលវេលាសមស្របដើម្បីចាប់ផ្តើមគំរោងរបស់ពួកគេនៅក្រុងអង្គរដើម្បីរំលេចទឹកដីនេះឲ្យកាន់តែមានរស្មីភ្លឺចិញ្ចាចនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here