តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ  ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណាអាមេរិក ដែលអាចជះឥទ្ធិពលទៅលើទស្សនៈវិស័យអត្រាការប្រាក់របស់ធនាគារ Fed។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២០៣៤,៦៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧ភាគរយដល់២០៤៤,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:១៥នាទីព្រឹក។

បណ្តាអ្នកវិនិយោគ កំពុងរង់ចាំអ៊ុតមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។

លោក Phillip Streible ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures បានលើកឡើងថា “ការកើនឡើងបន្តិចនៃអត្រាអតិផរណានឹងដាក់សម្ពាធទៅលើទីផ្សារមាស ប៉ុន្តែមាសត្រូវបានជួញដូរក្នុងកម្រិត២.០០០ដុល្លារក្នុងមួយអោន ដោយសារធនាគារកណ្តាលបានទិញមាសទុក”។

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសប្រហែល៥១ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

កាលពីថ្ងៃពុធម្សិលមិញនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៨៤ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៥ភាគរយមកនៅត្រឹម២២,៤៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៥ភាគរយដល់៨៨១,៦០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤៤%ដល់៩២៤,២៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here