តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគរំពឹងទុកថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក(Fed) នឹងពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៨សេន ឬ០,៤៥ភាគរយ មកនៅត្រឹម៨៣,២៧ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល0110 GMT ខណៈតម្លៃប្រេងឆៅអាមេរិកWest Texas Intermediate futures បានធ្លាក់ចុះ៣៥សេន ឬ០,៤៤ភាគរយ មកនៅត្រឹម៧៨,៥២ដុល្លារក្នុងមួយបារ៉ែល។

អ្នកវិនិយោគកំពុងរង់ចាំមើល ទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយសេដ្ឋវិទូព្យាករថា សន្ទស្សន៍នេះ នឹងកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃ ទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុក ចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេល រហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសប្រហែល៥១ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៨៤ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគ កំពុងរង់ចាំឃ្លាំមើលតម្រុយបន្ថែ មទៀត អំពីការកំណត់គោលនយោបាយ អត្រាការប្រាក់របស់ធនា គារកណ្តាលអាមេរិក។

តួយ៉ាង សន្ទស្សន៍​ផ្សារហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក ​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះប្រមាណ០,១១ភាគរយមកនៅត្រឹម៥២៧,១៤ពិន្ទុ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះប្រមាណ០,៦៤ភាគរយ។

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,១៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,០៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង បានងើបឡើងថ្លៃ០,៤៤ភាគរយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here