តម្លៃហាងឆេងមាសស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃហាងឆេងមាសស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារបានងើបឡើងថ្លៃ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអតិផរណាអាមេរិក ដែលអាចជះឥទ្ធិពលទៅលើទស្សនៈវិស័យអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៨ភាគរយដល់២០៣៣,៣៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤ភាគរយមកនៅត្រឹម២០៤១,៣០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៣២នាទីព្រឹក។

អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយសេដ្ឋវិទូព្យាករថា សន្ទស្សន៍នេះនឹងកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។

លោក Phillip Streible ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន Blue Line Futures បានលើកឡើងថា “ការកើនឡើងបន្តិចនៃអត្រាអតិផរណានឹងដាក់សម្ពាធទៅលើទីផ្សារមាស ប៉ុន្តែមាសត្រូវបានជួញដូរក្នុងកម្រិត២.០០០ដុល្លារក្នុងមួយអោន ដោយសារធនាគារកណ្តាលបានទិញមាសទុក”។

បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសប្រហែល៥១ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃពុធសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៨៤ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានស្ថិតនៅទ្រឹងត្រឹម២២,៥០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានកើនឡើង១,៣ភាគរយដល់៨៩១,០៣ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៧%ដល់៩៤៤,៣២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here