កន្លែងលក់រាយ៥លានទីតាំងនឹងទទួលបានផលប្រយោជន៍ពីប្រព័ន្ឋ QR Code កម្ពុជា-ម៉ាឡេស៊ី

ដោយៈ គង់ ហ្វីអូណា

ម៉ាឡេស៊ីៈ កន្លែងលក់រាយប្រមាណ៥លានទីតាំង នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់ តាមរយៈប្រព័ន្ឋQR Codeរវាងកម្ពុជា និងម៉ាឡេស៊ីនាពេលខាងមុខ។

ការបើកផ្លូវឱ្យប្រទេសកម្ពុជា-ម៉ាឡេស៊ី អាចទូទាត់ប្រាក់តាមរយៈ QR Code បន្ទាប់ពីធនាគារកណ្តាលនៃប្រទេសទាំងពីរ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយល់យោគគ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

អនុស្សរណៈយល់យោគគ្នា ត្រូវបានចុះហត្ថលេខាដោយលោក​ស្រីបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ​លោក Abdul RasheedGhaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ​​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Arwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសម៉ាឡេស៊ី​​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិបានគូសបញ្ជាក់ថា អនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ីនេះ ត្រូវបានរៀបចំឡើងជាមូលដ្ឋានសម្រា​​ប់កិច្ចសហប្រតិបត្តិការ​ មានវិសាលភាពគ្របដណ្តប់លើទម្រង់ជាច្រើន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាម QR Code។

ធនាគារជាតិបានបញ្ជាក់បន្ថែមថា “ការណ៍នេះនឹងផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេនQR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ”។ ការទូទាត់នេះនឹងប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការ កិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

អនុស្សរណៈយល់យោគគ្នានេះ ជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែន។

លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់នេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត របស់ធនាគារកណ្តាលទាំងពីរក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។

លោកបញ្ជាក់ថា “កិច្ចសហការនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងធនាគារកណ្តាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ”។ លោកបន្តថា “ការណ៍នេះ នឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ពិធីដ៏សំខាន់នាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។

តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី នឹងសហការគ្នាដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើបរូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here