ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងអស់រយៈពេល៣ថ្ងៃជាប់ៗគ្នា គិតត្រឹមថ្ងៃអង្គារនេះ ដោយសារតែការរំខាននៃការដឹកជញ្ជូននៅតំបន់សមុទ្រក្រហម បានជំរុញឱ្យមានក្តីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារ។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៦សេន ឬ០,២ភាគរយ ដល់៨២,៦៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0106 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures (WTI) បានកើនឡើង១៥សេន ឬ០,២ភាគរយដល់៧៧,៧៣ដុល្លារក្នុងមួយបារ៉ែល។
អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្រុមសេដ្ឋវិទូព្យាករថា សន្ទស្សន៍នេះនឹងកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤%។
ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។
យោងតាមទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ នៅពេលពួកគេគ្មានការងារធ្វើ បានធ្លាក់ចុះដោយមិននឹកស្មានដល់ កាលពីសប្តាហ៍មុន ដែលទិន្នន័យនេះបង្ហាញថា កំណើនការងារនឹងនៅតែមានភាពរឹងមាំនៅក្នុងខែកុម្ភៈ។
បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
នៅថ្ងៃអង្គារសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៧៨ពិន្ទុប៉ុណ្ណោះ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំឃ្លាំមើលតម្រុយបន្ថែមទៀត អំពីការកំណត់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះប្រមាណ០,៥៥ភាគរយ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ១ភាគរយ។
ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,២៥ភាគរយ។
ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,២៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,១៥ភាគរយ៕