ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចអាមេរិក ដែលអាចជះឥទ្ធិពលទៅលើទស្សនៈវិស័យអត្រាការប្រាក់។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២.០៣២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩ភាគរយ
ដល់២០៤២,៧ដុល្លារ ក្នុងមួយអោន។
អ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសេដ្ឋវិទូព្យាករថា សន្ទស្សន៍នេះនឹងកើនឡើងលើមូលដ្ឋានប្រចាំខែចំនួន០,៤%។
ទន្ទឹមនឹងនេះ ការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) និងតម្លៃអ្នកផលិត(PPI) របស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យការរំពឹងទុកចំពោះឱកាសនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក មានការធ្លាក់ចុះផងដែរ។
យោងតាមទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យស្នើសុំជំនួយពីរដ្ឋ នៅពេលពួកគេគ្មានការងារធ្វើ បានធ្លាក់ចុះដោយមិននឹកស្មានដល់ កាលពីសប្តាហ៍មុន ដែលទិន្នន័យនេះបង្ហាញថា កំណើនការងារនឹងនៅតែមានភាពរឹងមាំនៅក្នុងខែកុម្ភៈ។
បន្ទាប់ពីចេញផ្សាយទិន្នន័យខាងលើ ក្រុមអ្នកវិភាគបានវាយតម្លៃឡើងវិញថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) ប្រហែលអាចពន្យារពេលរហូតដល់ខែមិថុនាខាងមុខ មុនពេលសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។
ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៧០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។
នៅថ្ងៃអង្គារសប្តាហ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៧៨ពិន្ទុប៉ុណ្ណោះ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៨ភាគរយ ដល់២២,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ២,៣ភាគរយដល់៨៧៩,៦០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,៦%ដល់៩៤៥,៦៥ដុល្លារក្នុងមួយអោន៕