គោលនយោបាយអន្តោប្រវេសន៍ ក្លាយជារបៀបវារៈដ៏សំខាន់ក្នុងសន្និសីទមួយរបស់សមាគមវេទិកាអាស៊ាន-កូរ៉េ

ដោយ: គង់ លាងហួរ

សេអ៊ូល: សមាគមវេទិកាអាស៊ាន-កូរ៉េ បាន​រៀបចំសន្និសីទ​មួយ​ នៅ​សាល​ប្រជុំ​រដ្ឋសភា​កូរ៉េ ក្រោម​ប្រធានបទ “គោលនយោបាយ​អន្តោប្រវេសន៍​របស់​កូរ៉េខាងត្បូង និង​សារៈសំខាន់​នៃ​កិច្ចសហប្រតិ បត្តិការ​ជាមួយ​អាស៊ាន”។

សន្និសីទនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីអ្នកជំនាញក្នុងស្រុក និងបរទេសផ្នែកគោលនយោបាយអន្តោប្រវេសន៍ និងក្រុមមន្ត្រីមកពីក្រសួង និងស្ថាប័នសាធារណៈរបស់រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sang Won Park ប្រធាន និងជាស្ថាបនិកសមាគមវេទិកាអាស៊ាន-កូរ៉េ បានថ្លែងសុន្ទរកថាបើកសន្និសីទនេះ ដោយលើកឡើងថា “បញ្ហានៃការថយចុះចំនួនប្រជាជន គឺជាបញ្ហាស្នូលដ៏សំខាន់បំផុត ដែលប្រទេសរបស់យើងកំពុងប្រឈមមុខ”។

លោកបានប្រកាសថា “វាដល់ពេលហើយ ដែលយើងត្រូវរៀបចំគោលនយោបាយ អន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវ រួមទាំងគោលនយោបាយណែនាំពលករបរទេសផងដែរ”។

ថ្លែងនៅក្នុងសន្និសីទនោះ លោក Hong Hyun – pyo នាយកវិទ្យាស្ថានស្រាវជ្រាវការវិនិយោគអាស៊ាន នៃវេទិកាអាស៊ាន-កូរ៉េ បានផ្តល់អនុសាសន៍ណែនាំអំពី “គោលនយោបាយអន្តោប្រវេសន៍ច្រករបៀងចលនាប្រជាជន និងប្រជាជនសមស្រប”។

ជាមួយគ្នានេះ លោក Lee Kyu-  yong អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវការងារកូរ៉េ បានលើកឡើងពីបញ្ហាចម្បង នៅក្នុងគោលនយោបាយអន្តោប្រវេសន៍ ក្នុងយុគសម័យសកលភាវូបនីយកម្ម និងគោលនយោបាយការងារ និងអន្តោប្រវេសន៍របស់ប្រទេសកូរ៉េខាងត្បូង។

ចំណែក បទបង្ហាញត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ទិសដៅ” ហើយក្រុមអ្នកតំណាងមកពីប្រទេសទួរគី កម្ពុជា  អ៊ូសបេគីស្ថាន មីយ៉ាន់ម៉ា និងស៊ូដង់ជាដើម បានលើកឡើងអំពីបញ្ហា និងការលំបាកមុន និងក្រោយដំណើរការអន្តោប្រវេសន៍នៅក្នុងស្រុក ។

ក្នុងកិច្ចពិភាក្សានេះ លោកសាស្រ្តាចារ្យ Emeritus Lim Hyun-jin មកពីសាកលវិទ្យាល័យជាតិ Seoul បានបម្រើការជាអ្នកសម្របសម្រួលកម្មវិធី។

ចំណែក លោកសាស្ត្រាចារ្យ Seol Dong-hoon មកពីសាកលវិទ្យាល័យជាតិ Jeonbuk លោក Cho Young-hee សាស្ត្រាចារ្យវិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយអន្តោប្រវេសន៍ លោក Yoon In-jin  សាស្ត្រាចារ្យសាកលវិទ្យាល័យកូរ៉េ  លោក Lee Kyu-yong សហការីស្រាវជ្រាវជាន់ខ្ពស់ របស់វិទ្យាស្ថានការងារកូរ៉េ ព្រមទាំងក្រុមមន្ត្រីគោលនយោបាយអន្តោប្រវេសន៍ របស់ក្រសួងយុត្តិធម៌ និងអ្នកដឹកនាំរឿងលោក Jin Won-seok បានចូលរួម ក្នុងនាមជាក្រុមអ្នកជំនាញ និងធ្វើការពិភាក្សាគ្នាយ៉ាងក្តៅគគុក។

នៅក្នុងសន្និសីទខាងលើនេះផងដែរ លោក Sang Park ទទួលបានមេដាយមាស Grand Cross ថ្នាក់ទី១ ពីលោកបណ្ឌិត KIM Jin Pyo ប្រធានរដ្ឋសភាកូរ៉េ។

លោក Sang Park បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៦ឆ្នាំកន្លងមក។ ជាមួ​យគ្នានេះ លោកបានចូលរួមតំណាងឱ្យប្រទេសកូរ៉េ នៅក្នុងសន្និសីទអន្តរជាតិពាក់ព័ន្ធនានា និងបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកកំពស់កិត្យានុភាពជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here