រូបិយប័ណ្ណសំខាន់ៗចំនួន៣ នឹងទទួលបានផលវិជ្ជមានពីការបញ្ចុះ អត្រាការប្រាក់របស់សហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងថា នឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងឆ្នាំ២០២៤នេះ ដែលនេះអាចជាដំណឹងល្អ សម្រាប់រូបិយប័ណ្ណមួយចំនួននៅតំបន់អាស៊ី។

យោងតាមឧបករណ៍ CME FedWatch បានបង្ហាញឱ្យដឹងថា​ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ជាលើកដំបូង ចំនួន២៥ពិន្ទុមូលដ្ឋាន នៅក្នុងខែមិថុនាខាងមុខ។

ជាមួយគ្នានេះ អ្នកវិភាគលើកឡើថា រូបិយប័ណ្ណមួយចំនួន ដូចជាប្រាក់យ័នរបស់ចិន ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង និងប្រាក់រូពីរបស់ឥណ្ឌា នឹងទទួលបានអត្ថប្រយោជន៍ ពីការបន្ធូរបន្ថយគោលនយោបា​យរូបិយវត្ថុរបស់ធនាគារ Fed ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១: ប្រាក់យ័នរបស់ប្រទេសចិន

លោក Arun Bharath ប្រធានផ្នែកវិនិយោគប្រចាំ នៅក្រុមហ៊ុន Bel Air Investment Advisors បានលើកឡើងថា ប្រទេសចិនបានព្យាយាមរក្សាស្ថិរភាពប្រាក់យ័ន ធៀបនឹងប្រាក់ដុល្លារអាមេរិក នាពេ​លកន្លងមក ហើយប្រទេសចិននឹងធ្វើដូច្នេះបន្តទៀត។

លោកអះអាងថា “ស្របពេលដែលអត្រាប្តូរប្រាក់ បានធ្លាក់ថ្លៃចុះដល់កម្រិត៧យ័នក្នុងមួយដុល្លារ។ ដូច្នេះវានឹងមិនអាចធ្លាក់ចុះបន្ថែមទៀតនោះទេ ដោយសារតែអ្នកបង្កើត គោលនយោបាយចាប់ផ្តើមមានសកម្មភាពខ្លាំង ក្នុងការជំរុញសារពើពន្ធ កំណើនឥណទាន និងការជំរុញតម្លៃអចលនទ្រព្យ”។

កាល​ពី​ឆ្នាំ​មុន តម្លៃប្រាក់​យ័នបានដាំក្បាលចុះ ដល់កម្រិត​ទាប​បំផុតក្នុង​រយៈ​ពេល១៦ឆ្នាំ​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ដោយជួញដូរក្នុងតម្លៃ៧,២៩៨ក្នុងមួយដុល្លារ។

ដូច្នេះ ប្រសិនបើធនាគារFed ចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ នោះវានឹងបង្រួមគម្លាត ឬភាពខុសគ្នានៃអត្រាការប្រាក់រវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ធំជាងគេទាំង២របស់ពិភពលោក និងកាត់បន្ថយសម្ពាធមួយចំនួនលើតម្លៃប្រាក់យ័ន។

ទី២: ប្រាក់រូពីរបស់ប្រទេសឥណ្ឌា

ប្រាក់រូពីអាចនឹងហក់ឡើងថ្លៃកាន់តែខ្ពស់ ស្របពេលដែលមានក្តីសង្ឃឹមថា ធនាគារកណ្តាលនៃប្រទេសឥណ្ឌា អាចនឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ យឺតជាងធនាគារកណ្តាលដទៃទៀត។

លោក Anindya Banerjee អនុប្រធានផ្នែកស្រាវជ្រាវរូបិយប័ណ្ណ និងនិស្សន្ទវត្ថុនៅក្រុមហ៊ុន Kotak Securities បានកត់សម្គាល់ថា ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារRBI នឹងមានល្បឿនយឺតជាងធនាគារFed  ដោយសារតែប្រទេសឥណ្ឌា មិនមានបញ្ហាអតិផរណាដូចអ្វី ដែលតំបន់អឺរ៉ុប ឬសហរដ្ឋអាមេរិកជួបប្រទះនោះទេ។

ទី៣: ប្រាក់វ៉ុនរបស់ប្រទេសកូរ៉េខាងត្បូង

ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានស្ថិតនៅក្រោមសម្ពាធអស់រយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែការធ្វើឱ្យប្រសើរឡើង នូវទស្សនវិស័យសេដ្ឋកិច្ច និងការបន្ធូរបន្ថយគោលនយោបាយរបស់ធនាគារ Fed នឹងជួយបន្ធូរបន្ថយសម្ពាធនោះនៅឆ្នាំ២០២៤នេះ។

ដោយសារតែប្រាក់វ៉ុន គឺជារូបិយប័ណ្ណដែលផ្តល់ផលប័ត្រទាប(Low yielding) ដូច្នេ យើងគិតថា ប្រាក់វ៉ុន នឹងទទួលផលវិជ្ជមានពីការបន្ធូរបន្ថយ គោលនយោបាយរបស់ធនាគារ Fed នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារការបញ្ចុះអត្រាការប្រាក់ នៅសហរដ្ឋអាមេរិក នឹងមិនត្រឹមតែកាត់បន្ថយសម្ពាធលើប្រាក់វ៉ុន តាមរយៈអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​នឹង​នាំ​ឱ្យ​​ទស្សនវិស័យ​ កំណើន​សេដ្ឋកិច្ចពិភពលោក​មាន​ការ​កើន​ឡើង​ផង​ដែរ​៕ប្រភព៖CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here