តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃច័ន្ទនេះ ខណៈដែលប្រាក់ដុល្លារ ហក់ឡើងថ្លៃ បន្ទាប់ពីរបាយការណ៍បង្ហាញថា អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកបានកើនឡើង ដែលនាំឱ្យមានភាពមិនច្បាស់លាស់លើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨%ដល់២០៣៨,៥៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានធ្លាក់ចុះ០,៨%ដល់២០៥៣,៧ដុល្លារ ក្នុងមួយអោន។

យោងតាមរបាយការណ៍បង្ហាញថា និយោជកនៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០។ សេដ្ឋកិច្ចដែលមានភាពធន់ និងផលិតភាពកម្មករដ៏រឹងមាំ បានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាជួល និងរក្សាបុគ្គលិកកាន់តែច្រើន ហើយនិន្នាការនេះអាចការពារសេដ្ឋកិច្ចអាមេរិកឱ្យគេចផុតវិបត្តិនៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះទៅវិញ ខណៈកំណើនសេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយបដិសេធពីប្រធានធនាគារកណ្តាល កំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំ២០២៤នេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ២០ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាសជិត៥០ភាគរយកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៨សប្តាហ៍ ពោលគឺ១០៤,១៨ពិន្ទុនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២ភាគរយ ដល់២២,៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២,១% ដល់៨៩៤,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ១,៤% ដល់៩៤៩,០៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here