ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ទទួលជួបពិភាក្សាការងារជាមួយប្រធានកិត្តិយសសមាគមត្រកូល ជា និងក្រុមវិនិយោគិនមកពីហុងកុង និងប្រទេសចិន ពីចក្ខុវិស័យនាំយកក្រុមហ៊ុនបុរី វិមានសំណាង ម.ក ចូលផ្សារភាគហ៊ុនHong Kong និង New York នាពេលខាងមុខ។
ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹង ក្នុងឱកាសលោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា នៃក្រុមហ៊ុនបុរី វិមានសំណាង ម.ក បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយ លោកជា វែង ប្រធានកិត្តិយសសមាគមត្រកូលជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងក្រុមប្រឹក្សាភិបាល និងវិនិយោគិនជាន់ខ្ពស់មកពីទីក្រុងហុងកុង និងប្រទេសចិន។
ជំនួបដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងស្វែងយល់ពីឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន បុរី វិមានសំណាង ម.ក និងក្រុមវិនិយោគិនអន្តរជាតិ។
នៅក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ នៃវិស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងបានរំលេចយ៉ាងច្បាស់ពីចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆតាធំធេងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។
លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា ចក្ខុវិស័យទៅថ្ងៃអនាគត លោកមានគោលដៅនាំយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក ចូលទៅក្នុងផ្សារមូលបត្រភាគហ៊ុនអន្តរជាតិធំៗ រួមមានផ្សារភាគហ៊ុនទីក្រុងហុងកុង (Hong Kong Stock Exchange) និងផ្សារភាគហ៊ុនទីក្រុងញូវយ៉ក (New York Stock Exchange) និងដើម្បីពង្រីកវិសាលភាពអាជីវកម្ម និងលើកកម្ពស់កិត្តិយសអចលនទ្រព្យកម្ពុជា លើឆាកអន្តរជាតិ។
លោកជា វែង ព្រមទាំងក្រុមវិនិយោគិនមកពីទីក្រុងហុងកុង និងចិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងលឿនរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្រោមការដឹកនាំរបស់លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា។
ក្រុមវិនិយោគិនក៏បានបង្ហាញយ៉ាងច្បាស់ អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាស ធ្វើកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា នាពេលអនាគតផងដែរ។
ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋានប្រណិតៗ ប្រកបដោយគុណភាព សោភ័ណភាព និងស្ថាបត្យកម្មទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅ បែបស៊ីវិល័យរបស់អតិថិជន៕










