តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក(Fed)លើអត្រាការប្រាក់ ក្នុងកិច្ចប្រជុំគោលនយោបាយនៅសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២០១៦,៩៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futuresបានស្ថិតនៅទ្រឹងត្រឹម២០១៧,៣ដុល្លារ ក្នុងមួយអោន។

លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures លើកឡើងថា “យើងកំពុងមើលឃើញ ទីផ្សារមាសមានការធ្លាក់ថ្លៃចុះ នៅពេលនេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់គឺមិនលឿនតាមអ្វីដែលទីផ្សារចង់បានឡើយ”។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន S&P Global បានបង្ហាញថា សកម្មភាពអាជីវកម្មរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែមករានេះ ហើយអតិផរណាកំពុងមានការធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ចអាមេរិកដ៏រឹងមាំ និងការឆ្លើយតបអវិជ្ជមានពីក្រុមមន្ត្រីធនាគារកណ្តាលកំពុងជំរុញឱ្យអ្នកវិនិយោគមួយចំនួនគិតពិចារណាឡើងវិញនូវការភ្នាល់របស់ពួកគេថា តើធនាគារ Fed នឹងកាត់បន្ថយអត្រាការប្រាក់លឿនប៉ុណ្ណានៅឆ្នាំនេះ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៤៨ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ បើធៀបនឹងឱកាស៨៦ភាគរយកាលពីចុងខែធ្នូ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃ០,០១ភាគរយ ដល់១០៣,៥៥ពិន្ទុនៅថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨ភាគរយ ដល់២២,៧៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង២,៦% ដល់៩១៤,៣៣ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium បានកើនឡើង១,៩% ដល់៩៥៨,៨១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here