NBC: ទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមានទំហំ២០ប៊ីលានដុល្លារ កើនឡើង១២.៣ភាគរយ

ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ទុនបម្រុងអន្ដរជាតិរបស់កម្ពុជា មានទំហំ២០ប៊ីលានដុល្លារ កើនឡើង១២.៣ភាគរយនៅឆ្នាំ២០២៣ ដែលអាចធានាបានការនាំចូលទំនិញប្រើប្រាស់ និងសេវាកម្មសំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា “ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ដែលបានកើនដល់ប្រមាណ២០ប៊ីលានដុល្លារអាមេរិក ពោលគឺបានកើនឡើង១២.៣% ធៀបនឹងឆ្នាំ២០២២”។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆាំ្ន២០២៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជារក្សាបានតម្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ឱ្យមានស្ថិរភាពល្អប្រសើរ ដោយមានអត្រាប្រែប្រួលទាបជាង ២%ប៉ុណ្ណោះ បើធៀបនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណ នៅប្រទេសមួយចំនួនដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩% យ៉ន់ចិនធ្លាក់ថ្លៃ ៦.៧% និងគីបឡាវធ្លាក់ថ្លៃ ២៩.៨% ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃក្រោមឥទ្ធិពលនៃការដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។

លោកស្រីបន្ដថា ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់ត្រូវបានសេដ្ឋវិទូ ចាត់ទុកជាសូចនាករមួយបង្ហាញ ពីសុខភាពសេដ្ឋកិច្ច ដូចដែលអតីតនាយកគ្រប់គ្រង របស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Per Jacobson ធ្លាប់បានលើកឡើងថា ការលើកកម្ពស់តម្លៃរូបិយវត្ថុជាតិឱ្យបានល្អ ជាការងារអាទិភាពនៃការកសាងមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក ជាចម្បងអាស្រ័យ ដោយការអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្នតាមរយៈការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលសមស្រប និងការធ្វើអន្តរាគមន៍លក់ប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារប្ដូរប្រាក់តាមការចាំបាច់ ការងារនេះអាចសម្រេចទៅបាន ដោយសារការរក្សាបានកម្រិតខ្ពស់គ្រប់គ្រាន់ នៃទុនបម្រុងអន្តរជាតិ។
លោកស្រីបណ្ឌិតបញ្ជាក់ថា “ភាពមិនច្បាស់លាស់ នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងការរក្សាកម្រិតខ្ពស់ នៃអត្រាការប្រាក់គោល នៅក្នុងប្រទេសអភិវឌ្ឍន៍ បានបណ្ដាលឱ្យទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្តាលមួយចំនួន ថយចុះគួរឱ្យកត់សម្គាល់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here