ដោយៈ ម៉ាណេត
ភ្នំពេញៈទំហំទឹកប្រាក់នៃឥណទាន មិនដំណើរការលើសពី៣០ថ្ងៃ (30+DPD) បានធ្លាក់ចុះ នៅគ្រប់តំបន់ទាំងអស់ ជាមួយនឹងការធ្លាក់ចុះខ្លាំងនៅតំបន់ទន្លេសាប និងតំបន់ខ្ពង់រាប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា)។
របាយការណ៍បានឱ្យដឹងថា ឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះបន្តិចមកត្រឹម២,៤២% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ខណៈអតិថិជនភាគច្រើន នៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។
គុណភាពឥណទានលក្ខណៈបុគ្គល បានមកពីអនុបាទនៃគណនីឥណទាន ជាមួយនឹងការសងយឺត៣០ថ្ងៃ ហួសកាលបរិច្ឆេទកំណត់ដែលជា30+ DPD។ វាបង្ហាញពីលទ្ធិភាពនៃការបង់សង និងហានិភ័យនៃការខកខាននៅក្នុងត្រីមាស។
អនុបាទ 30+DPD មានការធ្លាក់ចុះមកត្រឹម ២,៤២% ក្នុងត្រីមាសនេះ ពី២,៦៤%ក្នុងត្រីមាសទី២ ។ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមានអនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទានជាមួយនឹងការកើនឡើងដល់៥,២១% ។
ចំនួនសមតុល្យឥណទាន មិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -៥%នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេ នៃចំនួនទឹកប្រាក់ឥណទានមិនដំណើរការលើសពី៣០ថ្ងៃ គឺនៅតំបន់ទន្លេសាប និងតំបន់ខ្ពង់រាបដែលមានការធ្លាក់ចុះ -៧% ។
បន្ថែមពីនេះ តំបន់ឆ្នេរ និងតំបន់ទំនាបមានការធ្លាក់ចុះ -៦%និង-៤% ។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ន នៅតែមានកម្រិតខ្ពស់គឺ៧៣,៩៩%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន ដែលមានកម្ចីច្រើនស្ថាប័ន នៅតែមានកម្រិតទាបដដែលត្រឹម២៦,០១% ។
អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គល ដែលមានគណនីចំនួន១មានជិត៧។ អ្នកមានគណនីឥណទានចំនួន២ មាន២០,៩២% ហើយអ្នកមានគណនីឥណទានចំនួន៣មាន៤,៤៥% ហើយអ្នកមានគណនីឥណទានចំនួន៣ ឬច្រើនមាន០,៦៤% នៃចំនួនអតិថិជនទាំងអស់ ។
គិតត្រឹមត្រីមាសទី៣ សមតុល្យឥណទានជាលក្ខណៈបុគ្គល មានទំហំទឹកប្រាក់ ៩,១១ពាន់លានដុល្លារ៕