មន្ត្រីជាន់ខ្ពស់:កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនបានជួយកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់កម្ពុជាលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិនបានចូលរួមចំណែកយ៉ាងធំធេង និងទាន់ពេលវេលាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមជាមួយនឹងសមិទ្ធិផលដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលបាន។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា BRI បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ការវិនិយោគ វិស័យហិរញ្ញវត្ថុ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

លោកបានបន្តថាទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក្តីក៏នៅតែមានការរីកចម្រើន និងលទ្ធផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការ BRI រវាងកម្ពុជា និងចិន។លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រូវបានអភិវឌ្ឍ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ចំណតកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តភ្នំពេញ ផ្លូវថ្នល់ និងស្ពានព្រមទាំងរោងចក្រវារីអគ្គិសនី។

លោកបានបន្ថែមថា លទ្ធផលដ៏សំខាន់មួយទៀតពីកិច្ចសហប្រតិបត្តិការ BRI គឺផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុនចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានប្រាប់សារពត៌មាន Xinhua ក្នុងបទសម្ភាសន៍មួយថា “ផ្លូវទាំងនេះពិតជាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ធ្វើឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ និងពង្រីកទំហំសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងសួនឧស្សាហកម្ម ចាប់តាំងពីផែនការកិច្ចសហប្រតិបត្តិការទ្វេរភាគីបានដាក់ចេញ”។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឥឡូវនេះ ប្រជាជនកម្ពុជាជាង១លាននាក់អាចទទួលបានការងារ ដោយសារតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគរបស់ប្រទេសចិនក្នុងវិស័យកាត់ដេរ។

លើសពីនេះ លោកអះអាងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងអគារពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គឺជាលទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ BRI កម្ពុជា-ចិន  ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និងកីឡា។

លោកបានមានប្រសាសន៍ទៀតថា “BRIបានជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឈានឡើងកាន់តែខ្ពស់ជាងមុន”។

លោកអូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមក្របខណ្ឌ BRI ផ្តោតលើវិស័យសំខាន់ៗចំនួន៦ គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ចង្កោមឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ។

លោកបានបន្ថែមថា “ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះបានជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន និងលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងការតាមទាន់ប្រទេសដទៃទៀតនៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម ទំនាក់ទំនងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here