សារមន្ទីរស្ថិតនៅក្នុងវិមានឈ្នះ ឈ្នះ ត្រូវបាន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រសិទ្ធនាម«សារមន្ទីរតេជោសន្តិភាព» Techo Peace Museum ជាផ្លូវការ

ភ្នំពេញ :សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ធនាម«សារមន្ទីរតេជោសន្តិភាព» Techo Peace Museum ជាផ្លូវការ ខណៈសារមន្ទីរនេះស្ថិតនៅក្នុងវិមានឈ្នះ ឈ្នះ ដើម្បីជាការរួមចំណែកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ គណៈប្រតិភូជាតិ និងអន្តរជាតិ ក៏ដូចជាសាធារណជន ទាក់ទងនឹងដំណើរជាតិកម្ពុជា ពិសេសពាក់ព័ន្ធនឹងជីវិតដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីចំណុចចាប់ផ្ដើមនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងដំណើរអនុវត្តនយោបាយឈ្នះ ឈ្នះ នាំឲ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។

ការប្រសិទ្ធនាមជាផ្លូវការនូវ«សារមន្ទីរតេជោសន្តិភាព»នេះ គឺបានធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅក្នុងឱកាសដែលកម្ពុជាប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្នុងគោលបំណងបន្តចែករំលែក និងបង្ហាញនូវព័ត៌មានលម្អិត​បន្ថែមទៀត​ទាក់ទងនឹងខ្លឹមសារនៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយភាពស៊ីជម្រៅ ​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក ជូនដល់ប្រតិភូជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសសម្រាប់សិស្សានុសិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ស្វែងយល់តាមរយៈ គំនូរ ចម្លាក់ ខ្លឹមសារ រូបថតប្រវត្តិសាស្ត្រ សម្ភារៈផ្ទាល់ខ្លួន​របស់​សម្ដេចតេជោ ហ៊ុន សែន និងវត្ថុតាងសង្រ្គាមនានាជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

«សារមន្ទីរតេជោសន្តិភាព»នេះបានផ្ទុកនូវរាល់ឯកសារទាំងអស់ទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ និងបិទបញ្ចប់នូវភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយ​បាននាំកម្ពុជាមាននូវសុខសន្តិភាព ​និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍរហូត​ដល់សព្វថ្ងៃនេះ។

«សារមន្ទីរតេជោសន្តិភាព»នេះ ​នឹងផ្តល់ព័ត៌មានកាន់តែពិស្តារបន្ថែមទៀតទាក់ទិននឹង​នយោបាយឈ្នះ ឈ្នះ ​និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដូចជារូបគំនូរ និងរូបថត ស្តីពីប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសម្ភារៈផ្សេងៗ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាល​ពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និង បង្ហាញពីភូមិសាស្ត្រនៃការអនុវត្ត នយោបាយ​ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធភូមិភាគទី៣ ទី៤ និងទី៥ ក៏ដូចជាតំបន់​សមិទ្ធផល​បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ជាតិ ​ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ និង​សកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ។

គួរជាការរំលឹកផងដែរ តាមរយៈទិសដៅការងារ និងចក្ខុវិស័យដឹកនាំរបស់ក្រុមការងារសិក្សា​ស្រាវជ្រាវ និងសាសង់វិមានឈ្នះ ឈ្នះ ដឹកនាំបញ្ជាផ្ទាល់ដោយ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក្រោម​ការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ​សារមន្ទីរនេះ នឹង​បន្តអភិវឌ្ឍន៍​ខ្លឹមសារដោយមានការធ្វើទំនើបកម្មភ្ជាប់ខ្លឹមសារជាប្រព័ន្ធQR code បំពាក់បន្ថែមភាសាអង់គ្លេស និង​បន្ថែមភស្តុតាងប្រវត្តិសាស្ត្រសំខាន់ៗតាមរយៈការងារប្រវត្តិសាស្ត្រយោធា និងសមិទ្ធផល​សំខាន់ៗថ្មីរបស់រាជរដ្ឋាភិបាល ​ដើម្បីបំពេញន័យឲ្យនយោបាយឈ្នះ ឈ្នះ កាន់តែមានសក្តានុពល​បន្ថែមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here