ឱកាសការងារ ជិត១០០កន្លែង ក្នុងក្រុមហ៊ុនធំៗចំនួនបី ត្រៀមសម្រាប់យុវជន នៅថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារចំនួន ៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន ៣ ចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។

ក្រុមហ៊ុនទាំង៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន CBS, CTN, CNC, MYTV ក្រុមហ៊ុន MEKONGNET និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI)។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាឱកាសនេះដែរ កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET បានលើកឡើងថា តាមរយៈកម្មវិធីជាច្រើនរបស់ NEA មានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម MEKONGNET តែងតែងចូលរួម និងគាំទ្រជានិច្ច។ កញ្ញា បានបន្តថា «យើងបានចូលរួមក្នុងវេទិកាការងារជាមួយនឹង NEA ជាច្រើនលើក ជាក់ស្តែងយើងក៏ទទួលបានបុគ្គលិកជាច្រើនតាមរយៈវេទិកាទាំងនេះផងដែរ»

កញ្ញា តាំង សុខឡេង បានបញ្ជាក់ថា ការសហការជាមួយនឹង NEA នេះផងដែរ ក៏ជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូលរួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបានបេក្ខជនល្អៗប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័ន របស់យើងផងដែរ។

បន្ថែមពីនេះ កញ្ញា សុខឡេង បញ្ជាក់បន្តទៀតថា ក្នុងវេទិកាការងារ និងកម្មសិក្សានៅថ្ងៃទី១១ ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកជាច្រើនរូប និងច្រើនមុខតំណែងផងដែរ ក្នុងនោះមានផ្នែកមួយចំនួនប្អូនៗដែលទើបសិក្សាឆ្នាំទី១ ក៏អាចដាក់ពាក្យមកធ្វើការងារជាមួយ MEKONGNET ផងដែរ។

សូមជម្រាបដែរថា ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here