តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈពេលដែលអ្នកវិនិយោគកំពុងរង់ចាំមើលការចេញផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ។

ជាក់ស្តែង នៅក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៥ភាគរយដល់កម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,១០ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៥១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៦៩ភាគរយ។

យោងតាមទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ច្រើនជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលកត្តានេះបានបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារហិរញ្ញវត្ថុអំពីពេលវេលាជាក់លាក់នៃការបញ្ចុះអត្រាការប្រាក់។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានអះអាងថា ប្រសិនបើអតិផរណាកើនឡើងគួរឱ្យភ្ញាក់ផ្អើល នោះធនាគារ Fed ប្រហែលជាមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៨០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៥៣ពិន្ទុ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានងើបឡើងថ្លៃ០,២១៥ភាគរយកាលពីថ្ងៃអង្គារ។

លើសពីនេះ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ជាបញ្ហាសំខាន់ផងដែរ ខណៈដែលការរំខាននៅក្នុងសមុទ្រក្រហម និងការកាត់ផ្តាច់ផលិតកម្មប្រេងនៅក្នុងប្រទេសលីប៊ី បានបង្កើនតម្លៃប្រេង ហើយការបោះឆ្នោតនៅកោះតៃវ៉ាន់ក៏កាន់តែខិតជិតមកដល់ហើយដែរ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៩ភាគរយកាលពីថ្ងៃអង្គារ និងបានកើនឡើង០,១ភាគរយបន្ថែមទៀតដល់៧៧,៦៨ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here