តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃពុធនេះ ខណៈអ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្នចំពោះទិន្នន័យអតិផរណារបស់អាមេរិក ដែលអាចផ្តល់ការយល់ដឹងបន្ថែមលើផ្លូវគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងតិចជាង០,១%ដល់២០២៩,០៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១%ដល់២០៣៥,៣ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ច្រើនជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលកត្តានេះបានបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារហិរញ្ញវត្ថុអំពីពេលវេលាជាក់លាក់នៃការបញ្ចុះអត្រាការប្រាក់។

លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បានអះអាងថា ប្រសិនបើអតិផរណាកើនឡើងគួរឱ្យភ្ញាក់ផ្អើល នោះធនាគារ Fed ប្រហែលជាមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ ដែលនឹងនាំឱ្យតម្លៃមាសធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើគិតពេញមួយឆ្នាំ២០២៣ តម្លៃហាងឆេងមាសបានហក់ឡើង១៣%  ដែលជាកំណើនប្រចាំឆ្នាំលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារFed និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

ប៉ុន្តែ នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាស៨០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៥៣ពិន្ទុ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានងើបឡើងថ្លៃ០,២១៥ភាគរយកាលពីថ្ងៃអង្គារ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦ភាគរយ ដល់២២,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៧% ដល់៩២៩,៧៨ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ២% មកនៅត្រឹម៩៧៧,៨០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here