តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃចុះ ដោយអ្នកវិនិយោគកំពុងរង់ចាំមើលការចេញផ្សាយទិន្នន័យអតិផរណារបស់អាមេរិក ក្នុងសប្តាហ៍នេះ។

ជាក់ស្តែង សន្ទស្សន៍ ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានងើបឡើងថ្លៃ០,៥ភាគរយ នៅក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,២៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,០៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៣១ភាគរយ។

យោងតាមទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២៣ និងច្រើនជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលកត្តានេះបានបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារហិរញ្ញវត្ថុអំពីពេលវេលាជាក់លាក់នៃការបញ្ចុះអត្រាការប្រាក់។

ជាក់ស្តែង នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាសជិត៩០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះ០,០៨% មកនៅត្រឹម១០២,២២ពិន្ទុ នៅព្រឹកថ្ងៃអង្គារនេះ។

ចំណែក តម្លៃប្រេងបានងើបឡើងបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ចុះនៅក្នុងវគ្គមុន ខណៈដែលទីផ្សារបានថ្លឹងថ្លែងភាពតានតឹងនៅមជ្ឈិមបូព៌ាធៀបនឹងការព្រួយបារម្ភអំពីតម្រូវការ និងការកើនឡើងនៃការផ្គត់ផ្គង់របស់អង្គការ OPEC ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៨សេន ឬ០,២ភាគរយដល់៧៦,៣០ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0122 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៦សេន ឬ០,១ភាគរយដល់៧០,៨៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here