តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃអង្គារនេះ ខណៈដែលការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារ Federal Reserve នៅដើមខែមីនា បានថយចុះ ហើយអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអតិផរណារបស់អាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៩%ដល់២០២៧,៦៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៨%ដល់២០៣៤,១ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមទៀត នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ច្រើនជាងការរំពឹងទុករបស់សេដ្ឋវិទូ ដែលកត្តានេះបានបង្កឱ្យមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងទីផ្សារហិរញ្ញវត្ថុអំពីពេលវេលាជាក់លាក់នៃការបញ្ចុះអត្រាការប្រាក់។

បើគិតពេញមួយឆ្នាំ២០២៣ តម្លៃហាងឆេងមាសបានហក់ឡើង១៣%  ដែលជាកំណើនប្រចាំឆ្នាំលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃមាសត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារFed។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាសជិត៩០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានធ្លាក់ថ្លៃចុះ០,០៨% មកនៅត្រឹម១០២,២២ពិន្ទុ នៅព្រឹកថ្ងៃអង្គារនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤ភាគរយ ដល់២៣,០៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៥% ដល់៩៤៥,៦៩ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ២,៩% មកនៅត្រឹម៩៩៧,៣៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here