ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេរភាគី

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញប្រកាសព័ត៌មានថា លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោកសាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គ​រដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីថ្មីប្រចាំកម្ពុជា។

ក្នុងជំនួបនោះភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើន នៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាង សម្ដេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន។

លោកឧបនាយករដ្ឋមន្តី បានអបអរសាទរដល់ លោកឯកអគ្គ​រដ្ឋទូត ចំពោះភាពជោគជ័យរបស់ ប្រទេសឥណ្ឌូនេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់ នៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក រួមទាំងសន្តិសុខ នយោបាយនិងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា អំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមពេលវេលា សមស្រប និងសកម្មភាពរួមគ្នានានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេ​សកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី៕​

LEAVE A REPLY

Please enter your comment!
Please enter your name here