តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ ខណៈដែលអ្នកវិនិយោគបានបន្ទាបឱកាសនៃការបញ្ចុះអត្រាការប្រាក់ និងកំពុងរង់ចាំមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងប្រទេសចិន។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានស្ថិតនៅទ្រឹង បន្ទាបពីធ្លាក់ថ្លៃចុះ២,៥ភាគរយកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៤ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១១ភាគរយ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ៦៤ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់នៅខែមីនា ដោយធនាគារកណ្តាលអាមេរិក(Fed) បើធៀបនឹងឱកាសជិត៩០ភាគរយ កាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានស្ថិតនៅទ្រឹងត្រឹម១០២,៣៨ពិន្ទុ នៅព្រឹកថ្ងៃច័ន្ទនេះ។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃចន្ទនេះ ខណៈប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់បន្ថយតម្លៃប្រេងយ៉ាងខ្លាំង និងការកើនឡើងនៃផលិតកម្មប្រេងរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង(OPEC)។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៩សេន មកនៅត្រឹម៧៨,៦៧ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0057 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១០សេន មកនៅត្រឹម៧៣,៧១ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here