កម្ពុជារកចំណូលសួយសារពីវិស័យរ៉ែបានជាង៥០លានដុល្លារកើន លើសផែនការ៤៤ភាគរយ

        ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្ត្រីទទួលបន្ទុកកិច្ចការធនធានរ៉ែ នៃក្រសួងរ៉ែ និងថាម​ពលបានឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៣កម្ពុជា ទទួលបានចំណូលសួយសារ មិនមែនសារពើពន្ធពីវិស័យរ៉ែ សរុបប្រមាណ៥០,៣០លានដុល្លារអាមេរិក ស្មើនឹង១៤៤ភាគរយ នៃផែនការកំណ​ត់ដោយច្បាប់ហិរញ្ញវត្ថុ។

តួលេខនេះ ក៏បានបង្ហាញពីកំណើន ២៥,២១ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដែលកាលនោះការរកចំណូលពីវិស័យបានប្រមាណ ៤០,១៧លានដុល្លារអាមេរិក។

លោកអ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឲ្យដឹងថា ការប្រមូលណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ មានការកើនឡើងនេះ ដោយសារការរីកចម្រើន នៃការធ្វើអាជីវកម្មរ៉ែនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា ប្រភពចំណូលសំខាន់ៗរបស់វិស័យកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺទទួលបានមកពីអាជីវកម្មរ៉ែសំណង់ រ៉ែមាស រ៉ែស៊ីម៉ង់ត៍ និងរ៉ែដែកជាដើម។

លោកបានបន្តថា ក្រសួងបានដាក់ផែនការដើម្បីកៀរគរចំណូលពីវិស័យរ៉ែឲ្យអស់លទ្ធភាព ដើម្បីយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយអភិបាលកិច្ចល្អ និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន។

តាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឧស្សាហកម្មស៊ីម៉ង់ត៍ មានផលិតភាពកើនឡើង រហូតដល់៩លានតោនក្នុងមួយឆ្នាំៗ និងការចម្រាញ់រ៉ែមាស ផលិតបានប្រមាណ៩,៦តោន គិតត្រឹមដំណាច់ឆ្នាំ ២០២៣។

Commercial Gold Production in Cambodia - B2B CAMBODiA

ចំណែកការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែផ្សេងៗ ក៏បានផ្តល់ឱកាសឲ្យកម្ពុជា អាចនាំចេញធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសទៅក្រៅប្រទេសផងដែរ។

ការរីកចម្រើននេះ នាំឲ្យចំណូលមិនមែនសារពើពន្ធ ពីវិស័យរ៉ែ ដែលរដ្ឋទទួលបានប្រចាំឆ្នាំ មានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ គិតចាប់ពីជិត២លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣ កើនឡើងដល់ប្រមាណជាង ៥០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២៣។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងវេទិកាពិភាក្សា សារព័ត៌មានលើប្រធានបទ គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះថា ក្រសួង នឹងកំណត់តំបន់ (Zoning) ធ្វើអាជីវកម្មរ៉ែសំណង់ និងបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ ធ្វើអាជីវកម្មថ្មភ្នំដល់ក្រុមហ៊ុនឯកជនបន្ថែមទៀត ដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ ពីព្រោះភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ និងភ្នំខ្លះទៀតមានតម្លៃជាតំបន់អេកូទេសចរណ៍។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី កែវ រតនៈ បានអះអាងថា រាជដ្ឋាភិបាល ក៏បានសម្រេចដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយមិនចេញអាជ្ញាប័ណ្ណធនធានរ៉ែ គ្រប់ប្រភេទបន្ថែមទៀត លើកលែងតែក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការអនុញ្ញាតកាលមុនមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here