ការនាំចេញស្រូវអង្ករ​កម្ពុជា​ រកចំណូលបានជាង ១,៧ពាន់លានដុល្លារ​​ ក្នុងឆ្នាំ ២០២៣

យោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការនាំចេញ​អង្ករឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

ប្រភពដដែលបញ្ជាក់ថា អង្ករដែលកម្ពុជា ធ្វើការនាំចេញ​តាមរយៈក្រុមហ៊ុនចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ដោយទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ​ ក្នុងនោះ​ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាល​ស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨​លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លាន​ដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ​ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋ​អាមេរិក។

ប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមានអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករស ចំនួន ១២.៩៤% , អង្ករចំហ៊ុយ ២.៩២ %, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករសគ្រាប់ខ្លីចំនួន ០.០៣% និងអង្ករដំណើបចំនួន ០.២០%។

ចំណែកការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦.៥០% និងទឹកប្រាក់មានកំណើនចំនួន ៥៦.៦៩% បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២​។ ក្នុងនោះ ការនាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here