របាយការណ៍៖ លោកដូ ណាល់ត្រាំ បានទទួលលុយ៧,៨លានដុល្លារពីរដ្ឋបរទេស រួមទាំងចិន ក្នុងពេលកាន់តំណែងជាប្រធានាធិបតី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ពីសភាបានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថា ក្រុមហ៊ុនរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald Trump) បានទទួលប្រាក់យ៉ាងហោចណាស់៧,៨លានដុល្លារពីរដ្ឋាភិបាលបរទេស រួមទាំងប្រទេសចិន ក្នុងអំឡុងពេលលោកកំពុងកាន់តំណែង។

សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានសរសេររៀបរាប់នៅក្នុងរបាយការណ៍មួយថា មន្ត្រីមកពីប្រទេសអារ៉ាប៊ីសាអូឌីត ឥណ្ឌា ទួរគី និងកុងហ្គោ ស្ថិតក្នុងចំណោមតំណាងប្រទេសចំនួន២០ ដែលបានចំណាយប្រាក់ដល់អាជីវកម្មសណ្ឋាគារ និងអចលនទ្រព្យរបស់លោក Trump ក្នុងអំឡុងពេលលោកកំពុងកាន់តំណែងជាប្រធានាធិបតី។

របាយការណ៍នោះបាន បន្តថា ការទទួលប្រាក់ ចំណូល ពី រដ្ឋាភិបាល បរទេស បែប នេះ បាន រំលោភ លើ ការ ហាមប្រាម ដោយ រដ្ឋធម្មនុញ្ញ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP។

របាយការណ៍ ដែលមានចំណងជើងថា “White House for Sale” បានសរសេររៀបរាប់ថា “ក្នុងនាមជាប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលយកការទូទាត់ប្រាក់ជាង៧,៨លានដុល្លារអាមេរិកពីរដ្ឋបរទេស និងមេដឹកនាំរបស់ពួកគេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទិននឹងប្រទេសចិន របាយការណ៍នេះបានចោទប្រកាន់ថា ទីក្រុងប៉េកាំង ព្រមទាំងអាជីវកម្មចិន ដូចជាធនាគារ ICBC និងក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines បានចំណាយប្រាក់ចំនួន៥,៥លានដុល្លារទៅកាន់ក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរបស់លោក Trump ។

របាយការណ៍ដដែលបានអះអាងឱ្យដឹងទៀតថា “លោក Trump បានបំពានរដ្ឋធម្មនុញ្ញ នៅពេលដែលអាជីវកម្មរបស់លោកបានទទួលយកទឹកប្រាក់ទាំងនេះ ពីទីក្រុងប៉េកាំងដោយគ្មានការយល់ព្រមពីសភាអាមេរិក”។

តាមរយៈការចំណាយមួយ ដែលចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ គណៈប្រតិភូស្ថានទូតចិនបានចំណាយប្រាក់១៩.៣៩១ដុល្លារអាមេរិកនៅឯសណ្ឋាគារ Trump International ក្នុងទីក្រុងវ៉ាស៊ីនតោន។

របាយការណ៍ខាងលើក៏បានអះអាងផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីតបានចំណាយប្រាក់ប្រមាណ៦១៥.៤២២ដុល្លារអាមេរិកនៅឯអគារខុនដូលំនៅដ្ឋាន Trump World Tower និងសណ្ឋាគារ Trump International Hotel។

ជាការឆ្លើយតប សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានច្រានចោលរបាយការណ៍នេះ ដោយលើកហេតុផលថា គ្មានអ្វីខុសទេដែលលោក ដូណាល់ ត្រាំ ទទួលបានប្រាក់ចំណូលពីរដ្ឋាភិបាលបរទេស នៅពេលលោកកំពុងកាន់តំណែង។ ទន្ទឹមគ្នានេះ បក្សសាធារណរដ្ឋក៏បានវាយបកមករិះគន់លើអាជីវកម្មរបស់គ្រួសារលោកប្រធានាធិបតី ចូ បៃឌិនវិញផងដែរ៕ ប្រភព៖AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here