រដ្ឋាភិបាលចិនបញ្ចេញកញ្ចប់មូលធនទំហំ៥០ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធនាគារកណ្តាលចិនកាលពីពេលថ្មីៗនេះ បានចាក់បញ្ចូលមូលនិធិ ដែលមានអត្រាការប្រាក់ទាប ចំនួន៥០ពាន់លានដុល្លារ ទៅក្នុងធនាគារដែលផ្តោតលើ គោលនយោបាយរបស់រដ្ឋាភិបាល។

ការបញ្ចេញទឹកប្រាក់ដ៏ច្រើននេះ បានបង្ហាញថា ធនាគារកណ្តាលអាចនឹងបង្កើនហិរញ្ញវត្ថុ សម្រាប់គម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រសេដ្ឋកិច្ច។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយធនាគារកណ្តាលចិននៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនទឹកប្រាក់ដែលមាននៅក្នុងកម្មវិធីផ្តល់ប្រាក់កម្ចីបន្ថែម (PSL) របស់ធនាគារកណ្តាល សម្រាប់ផ្តល់ទៅឱ្យធនាគារ ដែលអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល បានកើនឡើងដល់៣,២៥ទ្រីលានយន់ (៤៥៦ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ កើនឡើងពី ២,៩ទ្រីលានយន់ធៀបដំណា​ច់ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចាក់បញ្ចូលមូលនិធិចំនួន៥០ពាន់លានដុល្លារនេះ គឺជាការចាក់បញ្ចូលច្រើនបំផុត មិនធ្លាប់មានទៅក្នុងកម្មវិធី PLS គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។ កម្មវិធី PSL ត្រូវបានគេមើលឃើញថាជាឧបករណ៍ដ៏សំខាន់មួយ ក្នុងចំណោមឧបករណ៍គោលនយោបាយផ្សេងៗរបស់ទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលអាចប្រើប្រាស់ ដើម្បីពង្រឹងវិស័យអចលនទ្រព្យ និងធ្វើឱ្យមានស្ថិរភាពកំណើនសេដ្ឋកិច្ច នៅឆ្នាំនេះ។

ទីផ្សារបានរំពឹងថា ធនាគារកណ្តាលនឹងប្រើប្រាស់ប្រាក់នេះដើម្បីជំរុញការសាងសង់លំនៅឋានសាធារណៈ ក្នុងគោលបំណងកាត់បន្ថយការធ្លាក់ចុះអចលនទ្រព្យយូរឆ្នាំ ដែលរារាំងដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែវិច្ឆិកាថា ក្រុមអ្នកបង្កើតគោលនយោបាយចិន គ្រោងផ្តល់មូលនិធិ១ទ្រីលានយន់ពីមូលនិធិ ដែលមានអត្រាការប្រាក់ទាប របស់ធនាគារកណ្តាលជាដំណាក់កាល ដើម្បីជួយដល់កម្មវិធីនានា ដែលផ្តោតលើលំនៅឋានតម្លៃសមរម្យ និងការអភិវឌ្ឍភូមិក្នុងទីក្រុង។ក្រុមមន្ត្រីកំពុងពិចារណាប្រើប្រាស់កម្មវិធី PSL ឬកម្ចីពិសេស។

លោក Xing Zhaopeng អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ប្រចាំប្រទេសចិនបម្រើការនៅក្រុមហ៊ុន Australia & New Zealand Banking Group Ltd បានថ្លែងថា កម្មវិធី PSL គឺជាមធ្យោបាយផ្ទាល់ និងមានប្រសិទ្ធភាពបំផុតក្នុងការបញ្ជូនមូលនិធិទៅកាន់សេដ្ឋកិច្ច”។

លោកបានបន្ថែមថា “វានឹងមានសារៈសំខាន់ខ្លាំង ចំពោះសេដ្ឋកិច្ចបើកម្មវិធីនេះ ត្រូវបានពង្រីកលើសពីទំហំ១ទ្រីលានយន់”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here