អភិបាលខេត្តស្ទឹងត្រែងដាក់ផែនការឱ្យមន្ត្រីជំនាញដីធ្លីប្រឹងប្រែង វាស់វែងនិងចុះបញ្ជីដីធ្លីឱ្យបានចប់នៅឆ្នាំ២០២៥

        ដោយៈ គង់ ហ្វីអូណា

        ស្ទឹងត្រែងៈ អភិបាលខេត្តស្ទឹងត្រែង បានដាក់ផែនការឱ្យមន្ត្រី.មន្ទីរជំនាញ រៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ពន្លឿនការចុះបញ្ជី និងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងឱ្យបានចប់សព្វគ្រប់ នៅឆ្នាំ ២០២៥។

ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ  នៅភូមិអូរតែ្រលឃុំថាឡា ស្រុកថាឡាបរិវ៉ាត៉ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣ មករាឆ្នាំ ២០២៤ លោកស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា មន្ត្រីជំនាញពាក់ព័ន្ធ ក្រុង ស្រុក ខេត្ត និងអ្នកបច្ចេកទេស ត្រូវប្រឹងប្រែងបំពេញការងារ  ចុះបញ្ជីដីនិងវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ឱ្យបានឆ្លើយតប  ទៅតាមផែនការ និងគោលនយោបាយ  បញ្ចកោណរបស់រាជរដ្ឋាភិបាល  ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ដូចការបិទផ្សាយបញ្ជីក្បាលដីនៅពេលនេះ វាជាលទ្ធផលមួយឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបិទផ្សាយត្រូវមកពិនិត្យមើលភាពត្រឹមត្រូវ   បើមានការខុសឆ្គងដោយចំណុចណាមួយ  ត្រូវទាក់ទងទៅមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការកែតម្រូវ ឱ្យស្របតាមលក្ខណៈច្បាប់ ហើយពេលទទួលបានកម្មសិទ្ធិស្របច្បាប់ ជាផ្លូវការ និងមានតម្លៃ សម្រាប់យកទៅប្រើប្រាស់ ទៅតាមគ្រួសារនីមួយៗ។

ជា​មួយគ្នានេះ លោកគឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត បានបញ្ជាក់ថា មន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងអនុវត្តន៍ ការងារជំនាញឱ្យបានឆ្លើយតប និងទទួលបានលទ្ធផលល្អ ទៅតាមផែនការ ជូនគណៈអភិបាលខេត្ត ជាពិសេ​សបំពេញកាតព្វកិច្ច ឱ្យមានតម្លាភាព  ដើម្បីជៀសវាងកុំឱ្យកើតមានទំនាស់រឿងរ៉ាវដីធ្លី  ពិបាកក្នុងការដោះស្រាយ។

ចំណែក លោកសន សារឿនអភិបាលស្រុកថាឡាបរិវ៉ាត់ តំណាងឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនេះ បានទទួលស្គាល់ថា កន្លងមក មន្ត្រីជំនាញចុះអនុវត្ត ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ បានចំនួន៣ឃុំរួចមកហើយ  ដូចជា ឃុំស្រែឫស្សី ឃុំសំអាង  និងឃុំអន្លង់ជ្រៃ ហើយពេលនេះ កំពុងអនុវត្តន៍នៅឃុំថាឡាបរិវ៉ាតបន្តទៀត។

លោកអភិបាលស្រុកសំណូមពរ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមសហការ ជាមួយមន្ត្រីជំនាញវាស់វែងដីធ្លី និងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណារួមគ្នា អនុវត្តគោលនយោបាយ ចុះបញ្ជី វាស់វែងដីធ្លី និងសម្របសម្រួលដោះស្រាយ បញ្ហាផ្សេងៗឱ្យមានប្រសិទ្ឋ​ភាពដើម្បីអត្ថប្រយោជន៍ សម្រាប់កូនចៅយើងនាថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here