ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងរតនាគារអាមេរិក បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអង្គារ ទី២ ខែមករាថា បំណុលសាធារណៈសរុបរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានកើនឡើងលើស៣៤ទ្រីលានដុល្លារជាលើកដំបូង។
បំណុលសាធារណៈសរុប បានកើនឡើងដល់៣៤ទ្រីលានដុល្លារកាលពីថ្ងៃសុក្រ បើធៀបនឹង៣៣,៩ទ្រីលានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារដែលបានចេញផ្សាយថ្មី។
លោក Maya MacGuineas ប្រធានគណៈកម្មាធិការទទួលខុសត្រូវថវិកាសហព័ន្ធ បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បំណុលជាតិសរុបរបស់សហរដ្ឋអាមេរិក បានកើនឡើងដល់៣៤ទ្រីលានដុល្លារកាលពីថ្ងៃសុក្រ សប្តាហ៍មុន បន្ទាប់ពីវាបានឈានដល់៣៣ទ្រីលានដុល្លារកាលពី៣ខែមុន ហើយនេះគឺជាសមិទ្ធិផលដ៏គួរឱ្យសោកស្តាយបំផុតមួយ។
តួលេខបំណុលចុងក្រោយបង្អស់ ត្រូវបានចេញផ្សាយ ខណៈដែលសមាជិកសភាអាមេរិក កំពុងប្រឈមមុខនឹងការខ្វែងគំនិតគ្នាមួយទៀត ជុំវិញការផ្តល់មូលនិធិសហព័ន្ធ។ ការផ្តល់មូលនិធិបច្ចុប្បន្នសម្រាប់ទីភ្នាក់ងារ និងកម្មវិធីសហព័ន្ធមួយចំនួន នឹងផុតកំណត់នៅចុងខែនេះ។
លើសពីនេះ ក្រសួងរតនាគារបានបង្ហាញថា កត្តាផ្សេងៗ ដូចជាការកាត់បន្ថយពន្ធ កម្មវិធីជំរុញនានា ការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល និងការថយចុះនៃប្រាក់ចំណូលពន្ធ បានជំរុញឱ្យបំណុលជាតិកើនឡើង។
យោងតាមធនាគារអាមេរិក (BoA) បានលើកឡើងថា បំណុលជាតិ អាចកើនឡើងបន្ថែម២០ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ធនាគារ BoA បានព្រមានថា បំណុលទំនងជានឹងកើនឡើងចំនួន៥,២ ពាន់លានដុល្លារជារៀងរាល់ថ្ងៃ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ដែលនឹងធ្វើឱ្យបំណុលសរុបហក់ឡើងដល់ប្រហែល៥៤ទ្រីលានដុល្លារនៅឆ្នាំ ២០៣៣៕